មិនត្រឹមជាគ្រូពេទ្យ តែជាអ្នកកំដរអារម្មណ៍ក្មេងតូចៗធ្វើរឿងទាំងនេះ ឱ្យគេស្ទើរភ្លេចថាខ្លួនជាអ្នកជំងឺ
ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បាននឹងកំពុងបន្តរីករាលដាលមិនទាន់មានសញ្ញាណល្អនៅឡើយ ដែលគេសង្កេតឃើញថាមានទីតាំងពាក់ព័ន្ធត្រូវបានបិទទ្វារជាបណ្ដើរៗ ឯអ្នកពាក់ព័ន្ធធ្វើតេស្តរកឃើញវិជ្ជមាន ត្រូវបានឡើងឡានពេទ្យជាបន្តបន្ទាប់ ដើម្បីទៅទទួលការព្យាបាលពីគ្រូពេទ្យ ដែលមានទាំងយុវវ័យ ចាស់ៗ និង ក្មេងតូចៗ ជាដើម ។
យ៉ាងណាមិញ បើយើងក្រឡេកទៅមើលទិដ្ឋភាពក្នុងមណ្ឌលព្យាបាលនៅទួលពង្រវិញ គេសង្កេតឃើញថា ក្រុមគ្រូពេទ្យមិនត្រឹមតែជាអ្នកព្យាបាលជំងឺកូវីដតែមួយមុខនោះទេ តែពួកគាត់បានបង្រៀនកុមារតូចៗ ឱ្យចេះលេងកីឡា ផ្ដល់ស្នាមញញឹម និង ភាពសប្បាយរីករាយដល់ក្មេងៗ ធ្វើឱ្យពួកគេទទួលបាននូវអារម្មណ៍កក់ក្ដៅ ហើយស្ទើរតែភ្លេចថាខ្លួនឯងជាអ្នកជំងឺទៅហើយ ។
ក្រៅពីនោះ ក្រុមគ្រូពេទ្យក៏បានបង្ហាត់បង្រៀនក្មេងតូចៗ ឱ្យចេះគូរគំនូរ ផាត់រូប ច្រៀងបទគោរពទង់ជាតិ និង រៀនរាំ ជាដើម ដែលធ្វើឱ្យអាណាព្យាបាលរបស់ក្មេងៗ មានក្ដីរំភើប ដែលបានឃើញស្នាមញញឹមកូនជាទីស្រឡាញ់របស់ខ្លួន នៅក្នុងស្ថានភាពបែបនេះ ។
ការលះបង់ជាមួយសកម្មភាពបែបនេះហើយ បានធ្វើឱ្យមហាជននាំគ្នាកោតសរសើរ នូវទឹកចិត្តដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ក្នុងកាលៈទេសៈមួយនេះ ដែលពួកគាត់មិនត្រឹមពុះពារអូសដៃអ្នកជំងឺចេញពីវីរុសរាតត្បាតនោះទេ ពួកគាត់ថែមទាំងជួយលើកទឹកចិត្តអ្នកជំងឺឱ្យមានភាពកក់ក្ដៅ ទទួលបានអារម្មណ៍សប្បាយរីករាយ មិនអស់សង្ឃឹម តស៊ូប្រឆាំងជំងឺមួយនេះ ដើម្បីបានត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ ៕