កុំសូវឆ្វេចឆ្វាច! ពីព្រឹកមកទល់ថ្មើរនេះ នៅភ្នំពេញរកឃើញ ៥ កន្លែងបន្តបន្ទាប់គ្នា ពាក់ព័ន្ធកូវីដ-១៩
មកទល់ត្រឹមម៉ោងជាង ៤ រសៀល ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២១ នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានប្រកាសរកអ្នកពាក់ព័ន្ធទីតាំងចំនួន ៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបន្តបន្ទាប់ ដោយសារតែរកឃើញថាកន្លែងទាំងនោះ មានពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ។ ជាក់ស្ដែងកន្លែងទាំង ៥ នោះមានដូចជា ៖
១. ដេប៉ូ លក់ចាប់ហួយ តែ តិចឡុង (ម្តុំផ្សារអូឡាំពិច)
ដេប៉ូមួយនេះ មានទីតាំងស្ថិតនៅ ផ្ទះលេខ ៥០ ផ្លូវលេខ ៣១៨ សង្កាត់ទួលស្វាយព្រៃ ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានរកឃើញថា អ្នកជំងឺកូវីដ-១៩ បានចូលទៅទិញអីវ៉ាន់មួយចំនួន នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២១ ។ ដោយឡែក បុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ មិនទាន់បានទៅយកសំណាកនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២១ ។
២. ផ្សារម៉ាក្រូ ភ្នំពេញ
ផ្សារខាងលើនេះ ត្រូវបានខាងអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ផ្ដល់ព័ត៌មានឱ្យបានដឹងថា មានអ្នកជំងឺ ជាស្ត្រីមេផ្ទះម្នាក់ បានប្រាប់ថា គាត់តែងតែទៅទិញម្ហូបអាហារ នៅផ្សារម៉ាក្រូ ភ្នំពេញ ។
៣. ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា FTB
ធនាគារមួយនេះ មានទីតាំងស្ថិតនៅអគារលេខ ៣៣C-D ផ្លូវ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានរកឃើញថា មានអ្នកជំងឺកូវីដ-១៩ បានចូលទៅកាន់ទីតាំងខាងលើនេះ នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២១ ចាប់ពីម៉ោង ១៤ ៖ ១០ ដល់ម៉ោង ១៥ ៖ ២០ ដើម្បីទទួលសេវាធនាគារ និងបានប៉ះពាល់ជាមួយបុគ្គលិកធនាគារចំនួន ៣នាក់ ខណៈដែលបុគ្គលិកធ្វើការនៅធនាគារនេះ បានចាក់វ៉ាក់សាំងលើកទី ២ រួចរាល់គ្រប់គ្នាហើយ ។
៤. ភោជនីយដ្ឋាន ហុងកុង សាខាទី ៦
ភោជនីយដ្ឋានមួយនេះ មានទីតាំងស្ថិតនៅ ផ្ទះលេខ ២០ ផ្លូវ ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានរកឃើញអ្នកកើតជំងឺកូវីដ-១៩ គឺជាបុគ្គលិកខាងផ្នែករត់តុ ធ្វើការនៅទីតាំងខាងលើនេះ ចាប់ពីថ្ងៃទី ២៧ ខែឧសភា ដល់ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២១ ។
៥. ហាងឈ្មោះ សាច់អាំងទឹកកាពិ និង ស៊ុប
ហាងមួយនេះ មានទីតាំងស្ថិតនៅផ្លូវលេខ ២១៧ ភូមិឫស្សី ៣ សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានរកឃើញថា មានអ្នកកើតជំងឺកូវីដ រួមជាមួយក្រុមការងារមួយចំនួនរបស់ខ្លួន បានទៅហូបសាច់អាំងនៅទីតាំងខាងលើនេះ នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២១ ៕