ទីបំផុត! ចិនអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinovac សម្រាប់ក្មេងៗ និង វ័យជំទង់ហើយ
តាមលោក Yin Weidong ជាប្រធានក្រុមហ៊ុនផលិតវ៉ាក់សាំង Sinovac បានឱ្យដឹងតាមរយៈបុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយកាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះថា ប្រទេសចិនបានអនុម័តឱ្យមានការប្រើប្រាស់វ៉ាក់ Sinovac ទៅលើកុមារតូចៗ ព្រមទាំងវ័យជំទង់ដែលមានអាយុ ៣ ទៅ ១៧ ឆ្នាំរួចរាល់ហើយ ។
ដោយឡែក កាលដើមឡើយ វិធានការផ្តល់វ៉ាក់សាំងដ៏ធំរបស់ចិននេះ បានផ្តល់អទិភាពដល់តែជនណាដែលមានអាយុ ១៨ ឆ្នាំឡើងទៅប៉ុណ្ណោះ ។ លោក Yin បានបន្តឱ្យដឹងថា ហេតុបានជាពួកអនីតិជនមានអទិភាពទាបជាងគេ ក្នុងការទទួលវ៉ាក់បើប្រៀបជាមួយមនុស្សពេញវ័យ និង ចាស់នោះ ព្រោះមនុស្សចាស់អាចទទួលរងការប៉ះពាល់ ក៏ដូចជាមានរោគសញ្ញាធ្ងន់ធ្ងរជាង ។
ហើយថ្មីៗនេះតាមការពិសោធសាកល្បងទៅលើវ៉ាក់សាំងលើកទីមួយ គេបានរកឃើញថា Sinovac អាចបង្កឱ្យមានការឆ្លើយតបយ៉ាងល្អជាមួយប្រព័ន្ធភាពស៊ាំ ចំពោះអ្នកដែលស្ម័គ្រចិត្តទទួលវាដែលមានអាយុចាប់ពី ៣ ឆ្នាំ ដល់ ១៧ ឆ្នាំ ចំណែកឯផលប៉ះពាល់បន្ទាប់ពីចាក់រួចគឺមានតិចតួចបំផុត ។ Yin បង្ហើបទៀតថា Sinovac ក៏បានបញ្ចប់ការពិសោធសាកល្បងលើកទីពីររួចរាល់ផងដែរ ដែលអ្នកស្ម័គ្រចិត្តបានចាក់ដូសទី ៣ ថែមទៀត បន្ទាប់ពីចាក់ដូសទាំងពីរដំបូងបានរួចរាល់ ។
ម៉្យាងវ៉ាក់សាំងនេះ នៅតែត្រូវការការបន្តត្រួតពិនិត្យតទៅទៀត ដើម្បីសិក្សាពីរយៈពេលនៃការគួរទទួលដូសទី ៣ ផងដែរ ។ យ៉ាងណាមិញ វ៉ាក់សាំង Sinopharm ដែលជាវ៉ាក់សាំងផលិតដោយចិនតែមួយនោះ ក៏បានតែកំពុងធ្វើការឆ្លងកាត់ការសាកល្បងលើកទីពីរដូចគ្នា ទាក់ទងជាមួយការប្រើប្រាស់សម្រាប់ក្មេងៗអាយុ ៦ ដល់ ១៧ ឆ្នាំ៕
ប្រភព៖ CNA