សង្ឃឹមវិញហើយ! ឥណ្ឌា រកឃើញករណីឆ្លង-១៩ថ្មី ធ្លាក់ចុះគួរឱ្យកត់សម្គាល់ជាលើកដំបូង
កាលពីថ្ងៃទី ៦ មិថុនា ឆ្នាំ ២០២១ ម្សិលមិញនេះ ឥណ្ឌាបានរាយការណ៍ពីការរកឃើញករណីឆ្លងចំនួន ១១៤ ៤៦០ ករណី និង ករណីស្លាប់ចំនួន ២ ៦៧៧ ករណី ដែលចំនួនទាំងនេះ ជាចំនួនតិចបំផុតក្នុងរយៈពេលពីរខែ ចាប់តាំងពីមានការរាតត្បាត ដែលជាហេតុធ្វើឱ្យផ្នែកខ្លះនៃប្រទេសនេះកំពុងតែចាប់ផ្តើមបន្ធូរបន្ថយវិធានការណ៍ការពារ ដើម្បីឱ្យប្រជាជនមួយចំនួនអាចចេញប្រកបរបឡើងវិញ។
តាមទិន្នន័យរបស់ក្រសួងសុខភិបាលបានឱ្យដឹងថា ឥណ្ឌាគឺជាប្រទេសទីពីរបន្ទាប់ពីអាមេរិក ដែលមានការផ្ទុះយ៉ាងគំហុគ រហូតច្រានឱ្យមានករណីឆ្លងសរុបរហូតដល់ ២៨.៨ លានករណី ហើយបង្កឱ្យកើតសោដនាកម្ម ដែលមានមនុស្សស្លាប់រហូតដល់ ៣៤៦ ៧៥៩ ករណីឯណោះ ទូទាំងប្រទេស។
ដោយឡែក ការផ្ទុះរលកទីពីរនេះ ភាគច្រើនចម្លងនៅតាមទីជនបទផ្សេងៗ តែការបន្ធូរបន្ថយនេះនឹងចាប់ផ្តើមនៅទីក្រុង New Delhi ព្រមទាំងទីក្រុងមួយចំនួនទៀត ដោយអាជ្ញាធរបានព្យាយាមអនុញ្ញាតិឱ្យមានការបើកអាជីវកម្មឡើងឡើងវិញចាប់ពីថ្ងៃចន្ទនេះតទៅ។
យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្ត ក៏ដូចអ្នកជំនាញមួយចំនួនបានព្រមានថា រលកទីបីនឹងអាចបោកបក់មកលើប្រទេសនេះម្តងទៀតនៅក្នុងឆ្នាំនេះតែម្តង ហើយជាពិសេសនោះ គឺវាអាចប៉ះពាល់ដល់កុមារតូចៗច្រើនជាងគេផងដែរ៕
ប្រភព៖ CNA