អរគុណមិត្តជប៉ុន! ថ្ងៃនេះ ជូនឡានពេទ្យថ្មីចែស ៣០ គ្រឿងទៀតដល់កម្ពុជា
នៅរសៀលថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២១ នេះ រាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាប្រជាជនជប៉ុនទាំងមូល បានផ្ដល់ជំនួយ រថយន្តគិលានសង្រ្គោះ ចំនួន ៣០ គ្រឿងបន្ថែមទៀតហើយ ដែលទទួលផ្ទាល់ដោយ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។
គួរឱ្យដឹងផងដែរថា ជំនួយ រថយន្តគិលានសង្រ្គោះនេះ គឺស្ថិតនៅក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជប៉ុន ជូនរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងសមត្ថភាពឆ្លើយតបនឹងការរាតត្បាតជំងឺកូវីដ-19 នៅប្រទេសកម្ពុជា ។
សូមបញ្ជាក់ផងដែរថា កន្លងមក កាលពីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២១ មិត្តជប៉ុន ក៏ធ្លាប់បានប្រគល់ជូនអំណោយរថយន្តគិលានសង្រ្គោះ ជូនដល់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៣៥ គ្រឿងរួចមកហើយផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីជំនួយបែបនេះ កន្លងមកមិត្តជប៉ុនបានផ្ដល់ជំនួយផ្សេងៗមកកាន់កម្ពុជាដោយឥតសំណងឡើយ ដែលមានដូចជា ស្ពានមិត្តភាព កម្ពុជា-ជប៉ុន ឡានសម្រាប់ដឹកសម្រាម និងគ្រឿងបរិក្ខាផ្សេងៗ សម្រាប់ប្រើប្រាស់ក្នុងវិស័យនានានៅកម្ពុជា ៕