ដំណឹងល្អ! ទីបំផុត អង្គការសុខភាពពិភពលោក ប្រកាសឱ្យប្រើប្រាស់វ៉ាក់សាំង Sinovac ជាផ្លូវការហើយ
តាមព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី ១ មិថុនា ឆ្នាំ ២០២១ ម្សិលមិញនេះ អង្គការសុខភាពបានអនុម័តវ៉ាក់សាំងដាក់ឱ្យប្រើប្រាស់វ៉ាក់សាំង Sinovac រួចរាល់ហើយ។ យ៉ាងណាមិញ វ៉ាក់សាំងនេះ បានក្លាយជាវ៉ាក់សាំងទីពីររបស់ចិនដែលបានទទួលការបើកភ្លើងខៀវជាផ្លូវការពីអង្គការមួយនេះផងដែរ។
លោក Tedros Adhanom ប្រធានអង្គការសុខភាពពិភពលោក បានលើកឡើងនៅក្នុងសន្និសីទមួយថា «ខ្ញុំរីករាយណាស់ ក្នុងការប្រកាសអំពីវ៉ាក់សាំង ដែលទទួលបានការអនុម័តយល់ព្រមទទួលស្គាល់ជាផ្លូវការ ក្រោយពីវាត្រូវបានសិក្សាពិសោធរកឃើញថា ពិតជាមានសុវត្ថិភាព ប្រសិទ្ធភាព និង ការធានាគុណភាព ក៏ដូចជាត្រូវស្តង់ដារអន្តរជាតិយ៉ាងល្អប្រសើរ»។
គួរឱ្យដឹងដែរថា កាលពីខែ ឧសភា កន្លងទៅវ៉ាក់សាំង Sinopharm ក៏ទើបតែទទួលការអនុម័តចុះបញ្ជីផងដែរ ហើយរហូតមកដល់ថ្ងៃនេះវ៉ាក់សាំង Sinovac ក៏ត្រូវបានទទួលស្គាល់ដូចគ្នា ពោលគឺវ៉ាក់សាំងទាំងពីរប្រភេទរបស់ចិន គឺសុទ្ធសឹងតែទទួលការទទួលស្គាល់រួចអស់ហើយ ទាំងសុវត្ថិភាព និង គុណភាព។
ហើយអង្គការមួយនេះ ក៏បានបើកទ្វារឱ្យវ៉ាក់សាំងនេះ អាចចូលរួមជាមួយ Covax Global ដែលជាកម្មវិធីបង្កើតឡើងក្នុងគោលបំណង ក្នុងការចែកចាយវ៉ាក់សាំងទូទាំងពិភពលោក ជាពិសេសនោះគឺ សម្រាប់ប្រទេសក្រីក្រមួយចំនួនដែលខ្វះធនធានផងដែរ។
មិនតែប៉ុណ្ណោះ វ៉ាក់សាំងទាំងពីរនេះ ត្រូវបានគេដាក់ពង្រាយឱ្យប្រើប្រាស់នៅតាមបណ្តាប្រទេសជាច្រើនរួចមកហើយលើពិភពលោក។ លើសពីនេះ ក៏មានការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថាវ៉ាក់សាំងរបស់ចិនទាំងពីរនេះ ពិតជាមានប្រសិទ្ធភាពគ្រាន់បើពិតមែន ក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ដ៏សាហាវនេះ៕
ប្រភព៖ CNA