មីយ៉ាន់ម៉ាផ្ទុះឆ្លងកូវីដ ប្រព័ន្ធសុខាភិបាលទប់សឹងមិនជាប់ ព្រោះរងការកម្ទេចដោយរដ្ឋប្រហារយោធា
ថ្មីៗនេះ ដោយសារតែមានការច្រួលច្របល់ធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធា ដែលក្នុងនោះបានបង្កឱ្យមានការបំផ្លិចបំផ្លាញនានាក្នុងប្រទេសមីយ៉ានម៉ាជាច្រើនបែប ច្រើនរូបភាពសព្វបែបយ៉ាងពិបាកមើលនឹងភ្នែក មានទាំងអាយុជីវិត ហេដ្ឋារចនាសម្ព័ន ព្រមទាំងប្រព័ន្ធគ្រប់គ្រងផ្សេងៗ ជាពិសេសនោះគឺប្រព័ន្ធសុខាភិបាល ។
ប្រជាជនមីយ៉ាន់ម៉ាជាច្រើននាក់ ដែលបានផ្ទុកមេរោគកូវីដ-១៩ ស្ថិតនៅមន្ទីរពេទ្យមួយកន្លែងក្បែរព្រុំប្រទល់ឥណ្ឌា អ្នកខ្លះបានដេកស្តូកស្តឹងទាំងពិបាកដកដង្ហើមដោយសារតែខ្វះអុកស៊ីសែនជំនួយ ពោលគឺខ្វះខាតសម្ភារសឹងគ្រប់បែបយ៉ាង ដោយសារប្រព័ន្ធសុខាភិបាលកំពុងតែរង្គោះរង្គើបម្រុងនឹងរលំទៅហើយ ខណៈការធ្វើបាតុកម្មវាយប្រហារទៅវិញទៅមករវាងប្រជាជនស្នេហាជាតិ និង ពួកយោធាឃោរឃៅនៅតែបន្តស្ទើរមិនលស់ថ្ងៃ ។
គិលានុបដ្ឋាយិកាមួយរូបឈ្មោះ ប្រចាំការទៅទីនោះបានឱ្យដឹងថា ពួកគេគ្មានអុកស៊ីសែន ក៏ដូចជាសម្ភារវេជ្ជសាស្រ្ត ថ្នាំសង្កូវ អគ្គិសនី ឬ គ្រូពេទ្យប្រចាំការគ្រប់គ្រាន់ឡើយ គឺសព្វថ្ងៃនេះមានតែគ្រូពេទ្យ ៣ នាក់ប៉ុណ្ណោះដែលប្រចាំនៅទីនេះ ពោលគឺមានការពិបាកក្នុងការព្យាបាល ។
ជារួមសេវាសុខាភិបាលស្ទើរទូទាំងប្រទេសបានមានភាពរអាក់រអួល ក្រោយពីមានគ្រូពេទ្យ និង ដុកទ័រជាច្រើនរូបបានលើកគ្នាទៅធ្វើបាតុកម្មទាមទារសេរីភាព ដែលបណ្តាលឱ្យអ្នកខ្លះបានរងរបួស លើសពីនេះថែមទាំងបាត់បង់ជីវិតថែមទៀតផង ។
យ៉ាងណាមិញ តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានបញ្ចេញឱ្យដឹងថា បុគ្គលិកសុខាភិបាល ១៣ នាក់ត្រូវបានសម្លាប់ និង ១៥០ ផ្សេងទៀតត្រូវបានចាប់ខ្លួនដោយពួកយោធា ខណៈរាប់រយអ្នកទៀតបានក្លាយជាមុខសញ្ញាតាមចាប់ខ្លួន ដោយពួកយោធាបានចោទប្រកាន់ថា មកពីបទញុះញង់ ៕
ប្រភព៖ CNA