ថៃ បន្ថយវិធានការការពារនៅក្រុងបាងកក ខណៈករណីឆ្លងនៅតែបន្តហក់ឡើងខ្លាំង
តាមព័ត៌មានបានឱ្យដឹងនៅថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០២១ កន្លងទៅនេះថា រាជរដ្ឋាភិបាលថៃនឹងបន្ធូរបន្ថយវិធានការការពារទប់ស្កាត់មេរោគកូវីដ-១៩ នាទីក្រុងបាងកក ដែលជារាជធានីធំប្រចាំរាជាណាចក្រថៃ ពោលគឺផ្តោតទៅលើការអនុញ្ញាតិឱ្យកន្លែងមួយចំនួនបានបើកដំណើរការជាធម្មតាវិញ មានដូចជា គ្លីនិក សួនកម្សាន្ត ហាងម៉ាស្សា ផ្សេងៗជាដើម ។
យ៉ាងណាមិញ កន្លែងធំៗសំខាន់ៗដូចជា សាលារៀន រោងកុន កន្លែងហាត់ប្រាណ ព្រមទាំងសួនសត្វ នឹងនៅតែបន្តធ្វើការបិទហាមឃាត់ដដែល ព្រោះកន្លែងទាំងនេះអាចមានហានិភ័យនៃការចម្លងច្រើនជាងទីតាំងដទៃ ។
ដោយឡែក តាមរដ្ឋបាលក្រុងបានឱ្យដឹងថា ខ្លួនបានអនុញ្ញាតឱ្យដំណើរតែកន្លែងទីតាំងណាដែលមិនធ្លាប់មានការចម្លងតែប៉ុណ្ណោះ ដើម្បីបន្ថយរំសាយឱ្យប្រជាពលរដ្ឋមួយចំនួនអាចត្រលប់ទៅធ្វើការប្រកបមុខរបចិញ្ចឹមជីវិតឡើងវិញបានខ្លះ ។
ទោះជាយ៉ាងនេះក្តី ប្រទេសថៃក៏នៅតែបន្តប្រឈមមុខជាមួយការបុកហក់ឡើងនៅករណីឆ្លងដដែល ពិសេសគឺគិតចាប់តាំងពីដើមមេសាមក ប្រទេសនេះមានផ្ទុះករណីរាប់រយដល់ពាន់សឹងរៀងរាល់ថ្ងៃមិនដាច់សោះឡើយ ។ អ្វីដែលគួរឱ្យសម្គាល់នោះគឺ កាលពីថ្ងៃ ៣១ ខែឧសភាកន្លងទៅនេះ គេរកឃើញ ៥ ៤៨៥ ករណីទូទាំងប្រទេសថែមទៀតហើយ ដែលក្នុងនោះមាន ១ ៣៥៦ ករណី គឺមកពីក្រុងបាងកកនេះឯង ៕
ប្រភព៖ CNA