គួរបារម្ភ! ថ្ងៃនេះ បន្តរកឃើញអ្នកទោស និង មន្ត្រីក្នុងពន្ធនាគារខេត្តកណ្ដាល ឆ្លងកូវីដ-១៩ ឡើងដល់ ៣៦៩ នាក់
នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ នេះ តាមរយៈមន្ត្រីសុខាភិបាលខេត្តកណ្ដាល ករណីបន្តរកឃើញទណ្ឌិត និង មន្ត្រីពន្ធនាគារខេត្តកណ្ដាល ជាបន្តបន្ទាប់ឆ្លងជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃនេះមានចំនួន ៣៦៩ នាក់ ។
មន្ត្រីពន្ធនាគារខេត្តកណ្ដាល បានខិតខំប្រឹងប្រែងខ្នះខ្នែងរៀបចំការបែងចែកទីតាំងសម្រាប់ព្យាបាល និង រៀបចំការពារទណ្ឌិតផ្សេងទៀតមិនឱ្យមានការឆ្លងបន្តទៀតយ៉ាងស្រាក់ស្រាំ បន្ទាប់ពីរកឃើញថា មានវិជ្ជមានកូវីដ-១៩ ភ្លាមៗ ព្រមទាំងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល យ៉ាងខ្ជាប់ខ្ជួន ក្នុងន័យបញ្ចៀសការឆ្លងដល់ទណ្ឌិតដទៃទៀត ប៉ុន្តែចំនួនអ្នកឆ្លងចេះតែកើនឡើងឥតឈប់ឈរគួរជាទីបារម្ភបំផុត ។
តាមរយៈប្រភពខាងលើបានឱ្យដឹងបន្ថែមថា គេនៅពុំទាន់ស៊ើបដឹងច្បាស់ថា តើពួកគេឆ្លងជំងឺនេះតាមរយៈណានោះទេ រីឯអ្នកជំងឺត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកណ្ដាល បានថែទាំយកចិត្តទុកដាក់ ផ្ដល់ថ្នាំសង្កូវដល់ក្នុងពន្ធនាគារតែម្ដង ដើម្បីការពារមិនឱ្យពួកគាត់ចេញទៅព្យាបាលនៅខាងក្រៅឡើយ ចំណែកមន្ត្រីនគរបាលវិញ ក៏ត្រូវបានដាក់ពង្រាយយាមកាមជុំវិញពន្ធនាគារផងដែរ ។
គួររំឭថា ករណីផ្ទុះការឆ្លងរាលដាលទណ្ឌិត និង មន្ត្រីពន្ធនាគារខេត្តកណ្ដាល នេះបានកើតឡើងតាំងពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១ មក នៅថ្ងៃដំបូងរកឃើញមានទណ្ឌិតចំនួន ១០៣ នាក់ និង មន្ត្រីពន្ធនាគារ ៣ នាក់ និង មានការឆ្លងរាលដាលជាបន្តបន្ទាប់ ៕
ប្រភព ៖ Fresh News