ពុទ្ធោ! មួយឃ្លាំងជាង ៥០ នាក់ ឆ្លងកូវីដទាំងអស់ ពាក់ព័ន្ធជាមួយនារីអនាថាស្លា.ប់ដោយសារកូវីដ
នៅរសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ នេះ តាមរយៈគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះបិទទីតាំងឃ្លាំងស្តុកទំនិញខារ៉ាបាវ ដែលមានម្ចាស់ឈ្មោះ ស ពុទ្ធា មានកម្មករសរុប ៥៣ នាក់ មានទីតាំងស្ថិតនៅ ឃ្លាំងលេខ ៤៧០ ក្រុមទី៣ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមរយៈអភិបាលរង ខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ បានលើកឡើងថា ទីតាំងខាងលើនេះ មានករណីរកឃើញអ្នកវិជ្ជមានមេរោគកូវីដ-១៩ សរុបចំនួន ៥៣ នាក់ ជាកម្មករ ធ្វើការក្នុងឃ្លាំងស្តុកទំនិញភេសជ្ជៈខាងលើ ដែលបានពាក់ព័ន្ធជាមួយឈ្មោះ ជាម ដា ភេទស្រី អាយុ ៤៨ ឆ្នាំ ជាជនអនាថា ដែលបានស្លាប់ដោយសារកូវីដ-១៩ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១ មានទីតាំង ស្ថិតនៅជិតឃ្លាំងនោះផ្ទាល់ ។
ក្រោយកើតហេតុ ទីតាំងឃ្លាំងខាងលើត្រូវបានហុំព័ទ្ធ និង ហាមមិនឱ្យបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះអ្នកឆ្លងកាត់មានការប៉ះពាល់ឡើយ ។ ចំណែកឯអ្នកពាក់ព័ន្ធត្រូវបានយកសំណាក ហើយតម្រូវឱ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ តាមវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ៕
ប្រភព ៖ សាលាសង្កាត់ ស្ទឹងមានជ័យ