មើលគំរូ បើហ៊ាននឹងស៊យធំ! នេះហើយលទ្ធផលលួចរត់ចេញពីមណ្ឌលព្យាបាលកូវីដ ជាភ្លាមចាប់ចូលព្រៃសភ្លែត
កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១ តាមរយៈកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ករណីបុរសម្នាក់ដែលបានរត់ចេញពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២១ ត្រូវបញ្ជូទៅកាន់ពន្ធនាគារព្រៃស (ម១) តាមដីការបង្គាប់ឱ្យឃុំខ្លួនលេខ ៣៥២៣ ខ.ដ.ឃ.ដ ចុះថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១ របស់ចៅក្រមស៊ើបសួរ រស់ សាម៉ឺឌី បន្ទាប់ពីបុរសរូបនេះ ត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ រួចរាល់ ។
កម្លាំងអាវុធហត្ថបានឱ្យដឹងថា កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២១ បុរសខាងលើបានព្យាយាមរត់ចេញពីមណ្ឌលព្យាបាលជងឺកូវីដ-១៩ បានបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រូពេទ្យ ដែលប្រចាំការក្នុងមណ្ឌលគ្រប់ៗគ្នា ។ ដោយមានការស្នើសុំជួយអន្តរាគមន៍ពីក្រុមគ្រូពេទ្យ កម្លាំងគ-អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញស្រាវជ្រាវរុករកមុខសញ្ញាតាមបណ្តាភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេលត្រឹមតែ ១៥ នាទី ក៏រកឃើញអ្នកជំងឺកូវីដ-១៩ ម្នាក់នោះ នៅចំណុចផ្លូវ ៣៧១ កែងនឹងផ្លូវ ២០០២ ទើបសមត្ថកិច្ចអាវុធហត្ថភ្នំពេញដែលបានត្រៀមរួចជាស្រេច ជាមួយសម្លៀកបំពាក់ ការពារមេរោគ និង ឧបករណ៍ចាប់ពីចម្ងាយស្វ័យប្រវត្តិ ចាប់ឃាត់ខ្លួនអ្នកជំងឺកូវីដ-១៩ នោះភ្លាមៗ ។
គួររំឭកផងដែរថា ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការរត់គេចចេញពីមណ្ឌលព្យាបាល ត្រូវប្រឈមនឹង ការផ្តន្ទាទោសដាក់ពន្ធាគាពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៥ លានរៀល ទៅ ២០ លានរៀល តែបើ មានការចម្លងដល់អ្នកដទៃនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ ។
អាវុធហត្ថរាជធានីភ្នំពេញ ក៏បានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋដែល វិជ្ជមានជំងឺកូវីដ-១៩ មេត្តាចូលរួមអនុវត្តតាមវិធានការព្យាបាល របស់ក្រសួងសុខាភិបាល ដោយការអត់ធ្មត់ដើម្បីឱ្យជាសះស្បើយ ជៀសវាងរត់គេចដែលអាចនាំទុក្ខដល់សុខភាពខ្លួនផង នាំទុក្ខដល់អ្នកដទៃក្នុងក្រុមគ្រួសារ និង សហគមន៍ផង និង ត្រូវមានទោសទណ្ឌ ជាប់ពន្ធនាគាររយៈពេលវែងទៀត ៕
ប្រភព ៖ Phnom Penh Gendarmerie