ក្ដៅៗ! ផ្ទុះឆ្លងកន្លែងលក់គុយទាវ ផ្លូវឌឿងហែមផ្សារអូឫស្សី មួយគ្រួសាររកឃើញឆ្លង ១០ នាក់
នៅរសៀលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានផ្ដល់ព័ត៌មានឱ្យបានដឹងថា នៅកន្លែងលក់គុយទាវ មាត់ច្រកផ្លូវឌឿងហែម ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ១៣៩ ភូមិ ២ សង្កាត់អូរឫស្សី ៣ ខណ្ឌ ៧ មករា (ខាងជើងផ្សារអូរឫស្សី) មានអ្នកលក់គុយទាវ រួមទាំងក្រុមគ្រួសាររបស់គាត់សរុប ១០ នាក់ វិជ្ជមានកូវីដ-១៩ ។
ជុំវិញករណីនេះ ខាងអនុគណៈកម្មការបានអំពាវនាវដល់ ប្រជាពលរដ្ឋដែលមានទំនាក់ទំនងជាមួយគ្រួសារអ្នកលក់ ឬបានទៅទិញខ្ចប់ ឬ អង្គុយហូបគុយទាវ នៅទីតាំងខាងលើ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១ ប្រសិនបើ មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ ។
គួរឱ្យដឹងផងដែរថា ទីតាំងដែលត្រូវធ្វើតេស្តមានដូចជា ៖
១. វិទ្យាល័យបាក់ទូក (ខណ្ឌ ៧មករា)
២. វិហារយេស៊ូច្រមុះជ្រូកស្ទឹងមានជ័យ (ខណ្ឌ មានជ័យ)
៣. ផ្លូវទ្រុងមាន់ (ខណ្ឌ សែនសុខ)
៤. ម៉ូឌីន៥ (ខណ្ឌ ឫស្សីកែវ)
៥. សួនការណាឌីយ៉ា (ខណ្ឌ មានជ័យ) ៕