ក្ដៅៗ! រកឃើញអ្នកឆ្លងកូវីដ ២០ នាក់ ក្នុងរោងចក្រមួយ នៅខេត្តកំពង់ឆ្នាំង
នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ នេះ តាមរយៈអនុប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត បានជូនដំណឹង អំពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ២០ នាក់បន្ថែមទៀត នៅក្នុងរោងចក្រហឺរ៉ាយហ្សិនអៅដរ ដែលមានទីតាំងស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ក្នុងចំណោមអ្នកឆ្លងទាំង ២០ នាក់នោះ មានអ្នកជំងឺកូវីដ-១៩ ជាកម្មការិនីចំនួន ១៤ នាក់ រស់នៅក្នុងភូមិក្ងោកពង់ និង ភូមិត្រពាំងព្រីង ឃុំស្វាយជុគ ស្រុកសាមគ្គីមានជ័យ និង ៦ នាក់ទៀត គឺជាជនបរទេស ដែលធ្វើការនៅក្នុងរោងចក្រ ។
តាមរយៈលោកអធិការស្រុក បានឱ្យដឹងថា បច្ចុប្បន្ននេះ អ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ដែលបានរកឃើញ ត្រូវបានក្រុមគ្រូពេទ្យដឹកបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ដោយឡែកអ្នកពាក់ព័ន្ធនៅក្នុងមូលដ្ឋានក្រុមការងារនឹងបន្តស្វែងរក ដើម្បីនាំពួកគាត់មកពិនិត្យសំណាកឱ្យបានទាន់ពេលវេលា ចៀសវាងការឆ្លងរីករាលដាលជាបន្ត ៕
ប្រភព ៖ BTV News