កម្ពុជារកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ១ នាក់ ជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក
ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ ១៩ ចំនួន ១ នាក់លើបុរសជនជាតិអាមេរិកកាំង ។
បុរសជនជាតិអាមេរិកកាំងនេះដែរ គឺជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក ដែលមានអាសយដ្ឋានស្នាក់នៅក្នុងស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា រាជធានីភ្នំពេញ ។ ជនបរទេសរូបនេះ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដែលលទ្ធផលវិភាគសំណាកលើកទីពីរគឺធ្វើនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់គាត់ ហើយទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ ១៩ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ ។
បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់នៅក្នុងបន្ទប់ដាច់ដោយឡែកនៅក្នុងស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា ដើម្បីធ្វើការព្យាបាលដោយក្រុមគ្រូពេទ្យអាមេរិកកាំងនៃស្ថានទូតមួយនេះ ៕