ជារឿងមួយគួរឱ្យហួសចិត្ត ដោយហាងមី Ramen មួយកន្លែងនៅប្រទេសជប៉ុន បានកើតទុកមិនសុខចិត្តប្រកាសហាមមិនឱ្យភ្ញៀវជាគូស្នេហ៍មួយគូមកហាងខ្លួនទៀត ក្រោយពីហៅមីមួយចានមកញ៉ាំពីរនាក់។
តាមព័ត៌មានបានឱ្យដឹងថា ហាងមួយនេះឈ្មោះ Menya Kiryu ជាហាងមី Ramen មួយដ៏ល្បីនៅទីក្រុងតូក្យូ មានលក់ Ramen ចានយក្ស ហើយតម្រូវឱ្យភ្ញៀវកុម្ម៉ង់ក្នុងម្នាក់មួយចានជានិច្ច មិនឱ្យកុម្ម៉ង់មួយចានមកញ៉ាំចែកគ្នាឡើយ។ យ៉ាងណាមិញ មានគូស្នេហ៍មួយគូបានទៅហាងខាងលើនេះ ហើយបានកុម្ម៉ង់មី Ramen ចានយក្សមកញ៉ាំជាមួយគ្នាធ្វើឱ្យខាងហាងមិនពេញចិត្ត រួចក៏បានឱ្យលុយត្រឡប់ទៅវិញ ហើយថែមទាំងប្រកាសបកស្រាយ និង មិនចង់ឱ្យគូស្នេហ៍នេះត្រឡប់មកហាងខ្លួនវិញទៀតផង។
គួរឱ្យដឹងដែរថា បើតាមទម្លាប់សីលធម៌របស់ប្រទេសជប៉ុន មនុស្សម្នាក់ត្រូវកុម្ម៉ង់អាហារញ៉ាំខ្លួនឯងមួយចានជានិច្ច ទោះជាញ៉ាំមិនអស់ក៏ដោយ តែបើមិនកុម្ម៉ង់ញ៉ាំដោយខ្លួនឯង គឺចាត់ទុកថាជាការអត់មារយាទ៕
ប្រភព៖ Khoasod