លោក Mariyasu Hajime គ្រូបង្វឹកជប៉ុនទម្លាយមូលហេតុ ដែលយកឈ្នះក្រុមឥន្ទ្រីដែកអាល្លឺម៉ង់យប់មិញ
កាលពីយប់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ ការប្រកួត FIFA World Cup ក្នុងជំនួបជាមួយអាល្លឺម៉ង់ជាមួយជប៉ុនបានបញ្ចប់យ៉ាងភ្ញាក់ផ្អើល ក្រោមលទ្ធផលជប៉ុន ២ និង អាល្លឺម៉ង់ ១។ ជាមួយជ័យជម្នះនេះ គ្រូបង្វឹកជប៉ុន លោក Mariyasu Hajime ក៏បាននិយាយទៅកាន់សារព័ត៌មានថា គន្លឹះដើម្បីទទួលជ័យជំនះគឺការអត់ធ្មត់។
លោក Moriyasu Hajime គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនបាននិយាយទៀតថា ក្រុមរបស់លោកបានយកឈ្នះក្រុមអាល្លឺម៉ង់ដែលជាម្ចាស់ជើងឯក ៤ សម័យកាល ក្នុងលទ្ធផល ២-១ ជាមួយនឹងការវាយប្រហារពីរក្នុងតង់ទីពីរ ព្រោះតែកូនក្រុមរបស់គាត់មិនព្រមចុះចាញ់រហូតដល់វិនាទីចុងក្រោយ។ លោកបានបន្តទៀតថា ក្រុមរបស់គាត់បានរួមគ្នាក្នុងការរៀបចំខ្លួនសម្រាប់ការប្រកួតនេះរួចរាល់ហើយ។
យ៉ាងណា លោក Moriyasu បាននិយាយដោយប្រុងប្រយ័ត្នថា ក្រុមរបស់លោកទើបតែឈ្នះការប្រកួតលើកដំបូងរបស់ខ្លួនក៏ពិតមែន ប៉ុន្តែគាត់ប្តេជ្ញានឹងឈ្នះការប្រកួតក្នុងពូល E នាពេលខាងមុខ ដោយមិនមានភាពច្របូកច្របល់ដូចការយកឈ្នះលើក្រុមអាល្លឺម៉ង់ឡើយ៕
ប្រភព៖ NHK