ខេត្តព្រៃវែង ត្រូវបានជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោម Top5 ជាខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរទាំង ៣ ថ្ងៃ ខណៈលេខ ១ បានទៅលើរាជធានីភ្នំពេញ លេខ ២ ខេត្តសៀមរាប លេខ ៣ ខេត្តកំពង់ចាម និង លេខ ៥ ខេត្តបាត់ដំបង។
បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទាំង ៣ ថ្ងៃ ខេត្តព្រៃវែង គឺទទួលបានចំណាត់ថ្នាក់លេខ ៤ ជាខេត្តដែលមានភ្ញៀវទេសចរលេងកម្សាន្តច្រើនជាងគេ សរុបចំនួន ២ ៣៩៤ ៣៤៣ នាក់ ខណៈខេត្តមួយនេះ មានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែងដ៏ធំ នៅភូមិសាស្ត្រទីរួមខេត្ត រយៈពេល ៣ ថ្ងៃពេញ។
ដោយឡែក បើប្រៀបធៀបនឹងឆ្នាំ ២០២៤ កន្លងទៅ ខេត្តព្រៃវែង ទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងឆ្នាំ ២០២៤ ដែលកាលនោះ ខេត្តកំពង់ចាម ជាប់ចំណាត់ថ្នាក់លេខ ១ ដោយមានចំនួនទេសចរ ៥,៣ លាននាក់ លេខ ២ ខេត្តព្រៃវែង មានទេសចរ ២,២ លាននាក់ លេខ ៣ ខេត្តកំពង់ស្ពឺ មានទេសចរ ២,១ លាននាក់ លេខ ៤ ខេត្តបាត់ដំបង មានទេសចរ ១,៧ លាននាក់ លេខ ៥ ខេត្តកំពត មានទេសចរជាង ១,៤ លាននាក់ និង រាជធានីភ្នំពេញលេខ ៦ មានជាង ១,៣ លាននាក់៕