នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ អាកាសចរស៊ីវិលកម្ពុជា បានប្រកាសឱ្យជើងហោះហើរ ដែលហោះរំលងប្រទេសកម្ពុជា កម្ពស់ក្រោម ១១ គីឡូម៉ែត្រ ប្ដូរទិសត្រង់ចំណុចដែលមានទំនាស់រវាងកម្ពុជា-ថៃ។
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា គិតមកដល់ម៉ោង ១០ និង ០០ នាទី ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ ស្ថានភាពការតភ្ជាប់ជើងហោះហើរកម្ពុជា-ថៃ គឺនៅមិនទាន់មានការប្រែប្រួលទេ ប៉ុន្តែសម្រាប់ជើងហោះហើររំលងប្រទេសកម្ពុជា ដែលហោះកម្ពស់ក្រោម ១១ គីឡូម៉ែត្រ ត្រូវវាងផ្លូវហោះហើរ ទៅហោះផ្លូវផ្សេងជំនួសវិញ។
លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ៖ «ដោយឡែកសម្រាប់ជើងហោះហើររំលងប្រទេសកម្ពុជា យើងបានដឹងហើយថា កម្ពុជាមានបន្ទាត់ផ្លូវពីរហោះហើររំលងប្រទេសកម្ពុជាដែលស្ថិតនៅតំបន់ទំនាស់។ ជុំវិញបញ្ហានេះ អាកាសចរស៊ីវិលកម្ពុជាបានចេញសេចក្តីប្រកាសមួយ ដើម្បីបញ្ជាក់ដល់ក្រុមហ៊ុនជើងហោះហើរទាំងឡាយណាដែលហោះក្រោមកម្ពស់ ១១ គីឡូ ត្រូវតែផ្លាស់ប្តូរទិសនៃការហោះហើរទៅលើផ្លូវផ្សេងជំនួសវិញ។ ប៉ុន្តែសម្រាប់ជើងហោះហើរដែលហោះនៅកម្ពស់ខ្ពស់ជាង ១១ គីឡូម៉ែត្រ ពុំចាំបាច់ធ្វើការហោះហើរផ្លាស់ប្តូរទិសតាមផ្លូវដែលមានជម្លោះនោះទេ»។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបន្តថា ៖ «នៅផ្លូវអាកាសរបស់កម្ពុជាយើងនេះ គឺមានយន្តហោះមួយចំនួនហោះលើសកម្ពស់ ១១ គីឡូ និង មួយចំនួនទៀត ហោះក្រោមកម្ពស់ ១១គីឡូ អ៊ីចឹងយន្តហោះទាំងឡាយណាហោះក្រោមកម្ពស់ ១១ គីឡូ ចាំបាច់ត្រូវដូរទិសនៃការហោះហើរ»៕
ប្រភព ៖ កម្ពុជាថ្មី