ច្បាស់ៗ! អ្នកនាំពាក្យបញ្ជាក់ជុំវិញរូបភាពអប្សរាដែលបាត់មុខមាត់ខូចទ្រង់ទ្រាយ កំពុងចែករំលែកលើបណ្ដាញសង្គម
កាលពីថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការសង្កេតឃើញការចែករំលែករូបភាពប៉ុន្មានសន្លឹកស្តីអំពីចម្លាក់អប្សរាតាមប្រាង្គប្រាសាទដែលបានសឹករបេះ តែជាមួយគ្នានោះក៏មានការសង្ស័យថាជាគាស់កាប់ដាប់យកយ៉ាងអាណាធិបតេយ្យពីជនខិលខូចមួយចំនួន ដោយគ្មានការការពារត្រឹមត្រូវ។
ជុំវិញការចែករំលែកនេះដែរ នៅព្រឹកថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៣ នេះ ឯកឧត្តម ឡុង កុសល អគ្គនាយករង និង ជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានប្រកាសច្រានចោលនូវរូបភាពមួយចំនួនដែលជារូបភាពចាស់ ហើយនៅមានការបន្តចែកចាយខ្លះៗនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅឡើយ ក្នុងន័យមិនល្អសំដៅដល់ការងារគ្រប់គ្រង និង ថែរក្សាតំបន់រមណីយដ្ឋានអង្គរ របស់អាជ្ញាធរជាតិអប្សរា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម អគ្គនាយករង និង ជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរារូបនេះ បានបញ្ជាក់ឱ្យដឹងថា ៖ «តាមពិតទៅរូបភាពទាំងនោះ គឺបានកើតឡើងតាំងពីទសវត្សរ៍ទី ៩០ ឯណោះ ហើយមិនបានកើតឡើងនៅរមណីយដ្ឋានអង្គរនោះទេ គឺនៅប្រាសាទព្រះខ័នកំពង់ស្វាយឯណោះទេ។ បច្ចុប្បន្ននេះ យើងមានអង្គភាពនគរបាលការពារបេតិកភណ្ឌដែលនៅគាត់ប្រចាំការនៅរមណីយដ្ឋានអង្គរ ដោយប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោងនៅទីនេះ ដោយខិតខំថែរក្សាសុវត្ថិភាពទាំងភ្ញៀវទេសចរ និង ប្រាង្គប្រាសាទ ដូច្នេះការងារនេះគឺយើងខ្ញុំខិតខំការពារណាស់»។
ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ចំពោះបញ្ហាសំណឹកថ្មប្រាសាទ រូបចម្លាក់ តួប្រាសាទ ។ល។ ដោយសារកត្តាអាកាសធាតុ ឬ ការប៉ះពាល់ផ្សេងៗពីសំណាក់ភ្ញៀវទេសចរ ជារឿងដែលចៀសមិនរួច ប៉ុន្តែក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បាន និង កំពុងធ្វើការងារថែទាំដោយយកចិត្តទុកដាក់បំផុត៕
ប្រភព ៖ ក្រសួងព័ត៌មាន