(វីដេអូ) ធ្លាប់តែឃើញប្រើកែងលើសង្វៀន! ធឿន ធារ៉ា ឡើងឆាកច្រៀងបទ «បេះដូងអើយ» ជាមួយ ខេម ពីរោះម្យ៉ាង
មហាជនខ្មែរភាគច្រើនច្បាស់ជាបានស្គាល់កីឡាករគុនខ្មែរ ធឿន ធារ៉ា ដែលថ្មីៗនេះ លោកបានយកឈ្នះកីឡាករអន្តរជាតិ ដណ្ដើមបានខ្សែក្រវ៉ាត់ផ្ទួនៗ បញ្ឈប់គូប្រកួតមុនចប់ទឹកតាមរយៈថ្វីកែងដ៏មុតស្រួច យកជ័យជំនះជូនជាតិ នាំមកនូវមោទកភាពជាខ្លាំងចំពោះប្រិយមិត្តអ្នកស្នេហាកីឡាគុនខ្មែរ។
ធ្លាប់តែឃើញកីឡាករគុនខ្មែររូបនេះប្រើកែងដ៏មុតស្រួចនៅលើសង្វៀន ស្រាប់តែថ្មីៗនេះ កីឡាករ ធឿន ធារ៉ា បានឡើងបកស្រាយចម្រៀងនៅក្នុងកម្មវិធី The Wallsong Cambodia ជាមួយតារាចម្រៀងអាជីពលោក ខេម ក្រោមចម្រៀងមួយបទដែលមានចំណងជើងថា «បេះដូងអើយ» បានធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ និង ស្ញើចសរសើរពីទឹកដមសំឡេងរបស់លោក ខណៈកន្លងមកមហាជនពុំដែលបានឃើញ ធឿន ធារ៉ា ឡើងបកស្រាយចម្រៀងបែបនេះពីមុនមកនោះឡើយ។
គួររំឭកផងដែរថា កាលពីយប់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ កីឡាករ ធឿន ធារ៉ា បានប្រកួតឈ្នះកីឡាករប្រេស៊ីល Thiago Teixeira ក្នុងការប្រកួតគុនខ្មែរ ក្នុងទឹកទី ៤ នៅក្នុងសង្វៀនប្រដាល់ IPCC Kun Khmer World Champion នៅខេត្តស្វាយរៀង ដោយទទួលបានខ្សែក្រវាត់កម្រិតពិភពលោក ធ្វើឱ្យប្រជាជនកម្ពុជាមានមោទកភាពជាខ្លាំង៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖