បើគិតមកដល់ពេលនេះ រយៈពេលជាង ៣ ឆ្នាំហើយ ដែលតារាចម្រៀង និង សម្តែង អ៊ុន អាលីហ្សា បានដឹកដៃកូនស្រីហោះទៅកាន់ទឹកដីសហរដ្ឋអាមេរិកជួបជុំស្វាមី ក្រោយពីបានបែកគ្នាតាំងពីនាងពពោះបានជាង ១ ខែមកម្ល៉េះ។
ក្រោយទៅដល់ទឹកដីអាមេរិក ជួបជុំក្រុមគ្រួសារហើយនោះ អ្នកនាង អ៊ុន អាលីហ្សា ក៏មិនបោះបង់អាជីពជាតារាចម្រៀងចោលនោះដែរ ដែលជារឿយៗអ្នកនាងក៏បានឡើងច្រៀងនៅកម្មវិធីនានាលើទឹកដីអាមេរិកទៀតផង។ ម្យ៉ាងវិញទៀត ខណៈរស់នៅទីនោះ អ្នកនាង អ៊ុន អាលីហ្សា ក៏មានឈ្មោះជាថៅកែស្រីគ្រប់គ្រងហាងលក់ដូណាត់របស់ស្វាមីដែរ។
ធ្មេចបើកៗ កូនស្រីរបស់អ្នកនាង អ៊ុន អាលីហ្សា មានអាយុជាង ៤ ឆ្នាំហើយ ហើយអ្នកម៉ាក់ស្រស់សោភារូបនេះ ក៏នឹងត្រៀមទទួលសមាជិកថ្មីក្នុងឆ្នាំ ២០២៥ នេះដែរ ដោយពេលនេះ អ្នកនាង អ៊ុន អាលីហ្សា កំពុងពពោះទាយាទទី ២៕