សម្បូរអ្នកយកសំរាមមកចោលមុខផ្ទះពេក ដាក់ផ្លាកហាមមិនស្តាប់ ម្ចាស់ផ្ទះលេងក្បាច់ដាក់កំប៉ុងជើងធូប អស់សំរាមរលីង
ថ្មីៗនេះ មានរឿងរ៉ាវហួសចិត្តមួយ ដែលចេះតែមានអ្នកយកសំរាមមកចោលនៅមុខផ្ទះ ប្រាប់យ៉ាងណាក៏មិនស្តាប់ ដល់ថ្នាក់ដាក់ផ្លាកជេរហើយ នៅតែមិនមើល ចុងក្រោយម្ចាស់ផ្ទះលេងក្បាច់ពិសេស ដាក់កំប៉ុងជើងធូប មានអីអ្នកចោលចេះខ្លាច លេងហ៊ានដាក់សំរាមទៀត។
រឿងរ៉ាវមួយនេះ បានកើតឡើងនាប្រទេសថៃ ដោយវីដេអូដែល បានផុសនៅក្នុងបណ្តាញសង្គម បានបង្ហាញឱ្យឃើញថា នៅលើបង្គោលភ្លើងមួយ បានបិទផ្លាកថា មិនមែនជាទីចោលសំរាមទេ។ ហើយនៅជិតនោះដែរ គេក៏ឃើញមានកំប៉ុងជើងធូប ព្រមទាំងផ្កាមួយភួងផងដែរ ដែលមើលទៅទំនងជាដើមឡើយ ការបិទផ្លាកបែបនេះ នៅតែមិនអាចបញ្ឃប់អ្នកចោលសំរាមបាន ទើបក្រោយមកម្ចាស់ផ្ទះ ដល់ថ្នាក់យកគ្រឿងសក្ការៈមកដាក់ ដើម្បីបន្លាច ហើយចំពោះលទ្ធផល គឺមានប្រសិទ្ធភាពពិតមែន ព្រោះកន្លែងបង្គោលភ្លើងនោះ គឺស្អាតចែសតែម្តង។
យ៉ាងណាមិញ មហាជននៅតាមបណ្តាញសង្គមវិញ ឃើញហើយក៏អស់សំណើច អ្នកខ្លះក៏សរសើរថាម្ចាស់ផ្ទះឆ្លាតខ្លាំង រីឯអ្នកខ្លះទៀតក៏និយាយលេងសើចថា ពីកន្លែងចោលសំរាម ក្លាយជាកន្លែងស័ក្តសិទ្ធ សង្ស័យតិចទៀតមានអ្នកមកសុំលេខឆ្នោតលាន់នោះទេ៕