នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅនេះ នៅប្រទេសថៃ មានកិច្ចពិធីថ្វាយបង្គំបួងសួង ដល់រូបសំណាកមួយដែលស្រដៀងនឹងព្រះបាទជ័យវរ្ម័នទី ៧ ដើម្បីសុំសេចក្តីសុខដល់ប្រទេស ក្រោយពីប៉ះទង្គិចជាមួយកម្ពុជាជុំវិញបញ្ហាព្រំដែន។
តាមព័ត៌មានបានឱ្យដឹងថា រូបសំណាកខាងលើនេះ ត្រូវបានគេសាងសង់ និង តម្កល់ទុកនៅក្នុងសារមន្ទីរជាតិភីម៉ៃ ស្រុកភីម៉ៃ ខេត្តនគរាជសីមា។ នៅក្នុងពិធីបួងសួងនេះ រូបសំណាកមួយនេះ ត្រូវបានគេផ្លាស់ប្តូរគ្រឿងសម្លៀកបំពាក់ថ្មី ដែលមើលទៅពិតជាស្រដៀងនឹងរូបអង្គព្រះបាទជ័យវរ្ម័នទី ៧ ដែលជាអតីតព្រះមហាក្សត្ររបស់ខ្មែរដ៏អង់អាចក្លាហានមួយរូប។
យ៉ាងណាមិញ ក្នុងការបួងសួងនេះ ម្ចាស់កម្មវិធីដែលជាអតីតឧបនាយករដ្ឋមន្រ្តីថៃ លោក Korn Thapparangsi ក៏បាននិមន្តព្រះសង្ឃធ្វើការសូត្រមន្តឧទ្ទិសកុសលទៅឱ្យទាហានថៃដែលបានបាត់បង់ជីវិតក្នុងការប៉ះទង្គិចជាមួយកម្ពុជា ហើយក៏សុំឱ្យប្រទេសមានសេចក្តីសុខផងដែរ៕
ប្រភព៖ Khaosod