ភាគហ៊ុនរបស់ YG កើនឡើងក្រឺតៗ គ្រាន់តែប្រកាសថា BLACKPINK បន្តកុងត្រា
នៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៣ ភាគហ៊ុនរបស់ YG Entertainment បានកើនឡើង ២៣ ភាគរយភ្លាមៗ ដោយសារតែព័ត៌មានសមាជិកទាំង ៤ របស់ BLACKPINK ព្រមបន្តកុងត្រាជាមួយនឹងផលិតកម្ម។
បើតាមសេចក្តីប្រកាសថ្លែងការណ៍ផ្លូវការមួយរបស់ YG Entertainment បាននិយាយថា៖ «ក្រោយពីការពិភាក្សាយ៉ាងយកចិត្តទុកដាក់ជាមួយនឹងសមាជិក BLACKPINK ទាំង ៤ គឺ Jisoo, Rosé, Lisa, Jennie ពួកយើងក៏បានបន្តចុះកុងត្រាជាមួយគ្នាបន្ត ព្រមទាំងសហការរាល់សកម្មភាពក្រុមដោយផ្អែកលើការជឿជាក់យ៉ាងជ្រាលជ្រៅទៅវិញទៅមក»។
ក្នុងនោះដែរ CEO របស់ YG ក៏បាននិយាយទៀតថា៖ «ពួកយើងពិតជារីករាយណាស់ដែលអាចបន្តទំនាក់ទំនងរបស់យើងជាមួយនឹងក្រុម BLACKPINK»។
ជាមួយគ្នានោះដែរ BLACKPINK ក៏សន្យានឹងបន្តប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីវាយលុកទីផ្សារតន្រ្តីពិភពលោកក្នុងជានាមជាតារា K-Pop មិនមែនត្រឹមតែតំណាងឱ្យផលិតកម្មនោះទេ ប៉ុន្តែតំណាងឱ្យវិស័យ K-Pop ទាំងមូលផងដែរ៕