(វីដេអូ) អ្នកគាំទ្របារម្ភ សាយ សៀរ៉ា បែរជាកើតជំងឺរលាកសរសៃមុខ ធ្វើឱ្យវៀចភ្នែក វៀចមាត់មួយចំហៀង
ថ្មីៗនេះមហាជនអ្នកគាំទ្រតារាសម្តែង សាយ សៀរ៉ា កំពុងផ្ទុះការបារម្ភយ៉ាងខ្លាំង ក្រោយតារាប្រុសរូបនេះបានបង្ហាញពីស្ថានភាពសុខភាពរបស់លោក ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យមួយនាប្រទេសថៃ។
លោក សាយ សៀរ៉ា បានឱ្យដឹងថា លោកមានជំងឺរលាកសរសៃមុខទី ៧ ដែលបណ្តាលឱ្យផ្ទៃមុខរបស់លោកជួបបញ្ហា ដោយមានការវៀចមាត់ វៀចភ្នែក និង រាល់ពេលញុំាអាហារម្តងៗ ហៀរទឹកហៀរបាយតាមមាត់។
យ៉ាងណាមិញ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ លោក សាយ សៀរ៉ា ក៏បានបង្ហោះវីដេអូរៀបរាប់ពីស្ថានភាពជំងឺរបស់លោក ក្រោយព្យាបាលបានរយៈពេលប្រមាណ ១ អាទិត្យថា ៖ «ពេលនេះ ស្ថានភាពជំងឺរបស់លោកបានសះស្បើយ ៩០% ហើយ ហើយរយៈពេល ៣ ថ្ងៃទៀត គ្រូពេទ្យនឹងឱ្យលោកត្រលប់មកកម្ពុជាវិញដែរ»។
គួរឱ្យដឹងថា លោក សាយ សៀរ៉ា បានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃ កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ ហើយគិតត្រឹមថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ នេះ ស្ថានភាពសុខភាព និង ផ្ទៃមុខរបស់លោក សាយ សៀរ៉ា ហាក់ប្រសើរឡើងវិញផងដែរ។ នេះបើតាមរូបភាពចុងក្រោយ ដែលលោកបានបង្ហោះលើគណនីហ្វេសប៊ុករបស់លោក៕