អីយ៉ាស់! ឡុង លីងគ័ង្គ អបអរ នាង ដាវីន បង្ហាញមុខគូស្នេហ៍ ហើយឆ្លៀតបង្ហើបថាជិតដល់វេនខ្លួនដែរ
កំលោះសង្ហា នាង ដាវីន ដែលមហាជនភាគច្រើនបានស្គាល់ថាជា Top4 ក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរនោះទេ ខណៈនៅសុខៗ តារាចម្រៀងប្រុសរូបនេះ បង្ហោះរូបថត Pre-Wedding ជាមួយគូស្នេហ៍វ័យក្មេង ហើយរៀបរាប់ពីចំណងស្នេហាយ៉ាងផ្អែមល្ហែមបំផុតនៅលើបណ្ដាញសង្គមហ្វេសប៊ុក។
ការបើកបង្ហាញពីជីវិតស្នេហាដ៏ស្រស់បំព្រងជិតឈានដល់កោះត្រើយរបស់តារាចម្រៀង នាង ដាវីន បានធ្វើឱ្យមហាជនអ្នកគាំទ្រ មិត្តភក្ដិ ក៏ដូចជារៀមច្បង សិស្សប្អូនក្នុងសិល្បៈជាច្រើន ចូលរួមបញ្ចេញយោបល់អបអរសាទរដល់រូបគេ ព្រោះថាពេលនេះ ដាវីន មិនត្រឹមជោគជ័យរឿងស្នេហាទេ ចំណែកឯការងារសិល្បៈ ក៏មានឈ្មោះល្បីល្បាញត្រូវបានទស្សនិកជនស្រឡាញ់គាំទ្រជាច្រើនផងដែរ។
ក្នុងចំណោមអ្នកសិល្បៈដែលបានចូលរួមអបអរសាទរដល់ នាង ដាវីន ក្នុងនោះគេក៏ឃើញតារាចម្រៀងវ័យក្មេង ឡុង លីងគ័ង្គ បានបញ្ចេញយោបល់ថា ៖ «Congratulation bong តិចទៀតខ្ញុំ Show off ម្តង»។ ការបញ្ចេញយោបល់របស់ លីងគ័ង្គ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនអន្ទះសាចង់ឃើញតារាចម្រៀងវ័យក្មេងរូបនេះ បង្ហាញមុខម្ចាស់បេះដូងឆាប់ៗដែរ តែទោះជាយ៉ាងណា លីងគ័ង្គ បានលើកឡើងថា រូបគេគ្រាន់តែនិយាយលេងប៉ុណ្ណោះ ការពិតខ្លួនមិនទាន់មានគូស្នេហ៍នៅឡើយទេ៕