នៅរសៀលថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ១២ នាក់ ទៅតុលាការពាក់ព័ន្ធករណីផលិត ចែកចាយ និង ផ្សាយផ្ទាល់នូវវីដេអូអាសអាភាសតាមវេបសាយ ប្រព្រឹត្តនៅផ្ទះល្វែងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២៤២ សង្កាត់បឹងព្រលិត ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។
ករណីខាងលើនេះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឆ្មក់បង្ក្រាបនៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២៥ ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជាក់ស្ដែង កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន ១២ នាក់ ក្នុងនោះមាន ជនជាតិចិនចំនួន ០៦ នាក់ ជនជាតិខ្មែរ ចំនួន ០៥ នាក់ និង ជនជាតិម៉ាឡេស៊ី ចំនួន ០១ នាក់ ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនរួមមាន កុំព្យូទ័រ លិង្គ និង យោនីសិប្បនិមិត្ត ឧបករណ៍សិច ស្រោមអនាម័យ របាំងមុខទុកថតរឿងសិច រួមនឹងសម្ភារៈជាច្រើនទៀតផងដែរ៕