ថ្មីៗនេះ សារព័ត៌មាន Khaosod បានរាយការណ៍ពីទុកលំបាករបស់ស្រ្តីអ្នករកស៊ីមួយរូបនៅជាយដែន ក្រោយពីមានជម្លោះព្រំដែនកម្ពុជា-ថៃមក ត្រូវបាត់ចំណូលសឹងទាំងស្រុង ព្រោះតែកន្លងមកអ្នកទិញសុទ្ធតែជនជាតិខ្មែរ។
តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីខាងលើនេះ បានចាប់របររកស៊ីជាអ្នកលក់សាច់ងៀត នៅក្នុងស្រុកកាបឈើង ខេត្តសុរិន្ទ។ ស្រ្តីរូបនេះបានរៀបរាប់ឱ្យដឹងថា ក្រោយពីមានជម្លោះព្រំដែនកម្ពុជា-ថៃ អស់រយៈពេលជាង ៣ ខែ របររកស៊ីរបស់ខ្លួនក៏បានដាំក្បាលចុះទៅតាមនោះដែរ ដោយសារតែអ្នកទិញកន្លងមកគឺសុទ្ធតែជនជាតិខ្មែរ ដែលភាគច្រើនធ្វើដំណើរមកកាន់មន្ទីរពេទ្យ ហើយក៏ឆ្លៀតទិញសាច់ងៀតជាច្រើនគីឡូយកទៅវិញ ដោយកាលនោះលក់មួយថ្ងៃបានរាប់រយដុល្លារ តែឥឡូវសឹងមិនបានមួយរយដុល្លារផង។
ស្រ្តីរូបនេះបានបន្តទៀតថា អ្នករកស៊ីរបរដូចខ្លួនផ្សេងទៀត ត្រូវគេរឹបអូសឡានយកទៅអស់ហើយ ព្រោះតែគ្មានលុយបង់ ដោយសារចំណូលបាត់អស់ពី ៨០ ទៅ ៩០ ភាគរយ រីឯខ្លួនវិញក៏មានបំណុលដែលត្រូវដោះដូចគ្នា ហើយក៏សង្ឃឹមថាទាហាននឹងដោះស្រាយបញ្ហានេះឱ្យបានឆាប់ផងដែរ នឹងអាចមានចំណូលដូចដើមវិញ៕
ប្រភព៖ Khaosod