កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនេះ នៅប្រទេសថៃមានករណីបុករះជាថ្មី ដែលមានឡានមួយគ្រឿងពួយបង្គោលភ្លើងនៅតាមផ្លូវរលំស្តែងៗអស់ ១២ ដើម បង្កឱ្យមានការភ្ញាក់ផ្អើល និងដាច់ភ្លើងស្ទើរពេញមួយស្រុក។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅផ្លូវមួយខ្សែនាឃុំបវីន ស្រុកស៊្រីរ៉ាឆា ខេត្តឈុនបុរី ដោយឡានបង្កហេតុជាឡានមួយបាំងកន្លះពណ៌ខ្មៅ បានជ្រុលទៅបុកបង្គោលភ្លើងដែលនៅតាមផ្លូវរលំអស់ចំនួន ១២ ដើម ហើយបណ្តាលឱ្យខូចខាតដល់ឡានផ្សេងៗទៀតអស់ ៣ គ្រឿង។
ក្នុងនោះ អ្នកបើកបរត្រូវបានគេដឹងថាជាបុរសមានវ័យ ៤២ ឆ្នាំ ហើយក្រោយកើតហេតុអាជ្ញាធរបានជួយសង្រ្គោះបឋមរួចក៏បញ្ជូនទៅមន្ទីរពេទ្យ។ ដោយឡែក ករណីនេះបានបង្កឱ្យមានការដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់ តែអាជ្ញាធរក៏បានស្វះស្វែងដោះស្រាយជូនប្រជាពលរដ្ឋរួចទៅហើយដែរ៕
ប្រភព៖ Khaosod