កាណាដា ជម្លៀសពលរដ្ឋជិត ២ ម៉ឺននាក់ ខណៈភ្លើងឆេះព្រៃអាចវាយប្រហារដល់មកដល់ក្នុងក្រុង
ពលរដ្ឋនាក្រុង Yellowknife ប្រមាណជិត ២ ម៉ឺននាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ខណៈភ្លើងឆេះព្រៃ អាចនឹងរាលដាលដល់ក្នុងក្រុងនាចុងសប្ដាហ៍នេះ។
អគ្គិភ័យប្រមាណជាង ១ ពាន់កន្លែង បានវាយប្រហារក្នុងប្រទេសកាណាដា ដោយក្នុងនោះ ២៣០ កន្លែងគឺកើតមាននៅដែនដីភាគពាយព្យប្រទេស ដែលមានក្រុង Yellowknife ជាក្រុងចម្បងនោះ។ បើតាមការថ្លែងបញ្ជាក់ពីប្រធានភ្នាក់ងារបរិស្ថាននៃដែនដីភាគពាយព្យប្រទេស Shane Thompson កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ បានឱ្យដឹងថា៖ «ស្ថានការណ៍ភ្លើងឆេះព្រៃ គឺកាន់តែអាក្រក់ទៅ ខណៈភ្លើងបានឆាបឆេះភាគខាងលិចក្រុង Yellowknife និង កំពុងគំរាមកំហែងទីក្រុងមួយនេះ»។
ជាការធានាសុវត្ថិភាព លោកបានបញ្ជាឱ្យពលរដ្ឋជិត ២ ម៉ឺននាក់នៅក្នុងក្រុង ធ្វើការជម្លៀសខ្លួន ឱ្យបានមុនរសៀលថ្ងៃទី ១៨ ខែសីហា នេះ ខណៈខាងយន្តហោះយោធា ក៏កំពុងរៀនចំបម្រុងរួចជាស្រេចផងដែរ។ គួរឱ្យដឹងផងដែរថា ទីក្រុង Yellowknife បានធ្វើការប្រកាសអាសន្ន កាលពីដើមសប្ដាហ៍នេះ ដោយសារតែខាងអ្នកពន្លត់អគ្គិភ័យ កំពុងជួបប្រទះការលំបាក ព្រោះខ្យល់ខ្លាំង បានធ្វើឱ្យភ្លើងឆេះព្រៃកាន់តែខ្លាំងក្លា៕