នៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងការពារជាតិ បានជូនដំណឹងដល់សាធារណជន អ្នកសារព័ត៌មានជាតិ និង អន្តរជាតិឱ្យបានដឹងថា នៅវេលាម៉ោង ០៧:៥៨ នាទីព្រឹកនេះ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញមកដល់មន្ទីរពេទ្យកម្ពុជា-ជប៉ុនមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នេះ គឺដើម្បីពិនិត្យប្រជាជនស៊ីវិលកម្ពុជា ដែលត្រូវបានរងរបួសដោយសារការបាញ់ប្រហារ របស់យោធាថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ។


គួររំឭកផងដែរថា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា ចំនួនពីរលើក គឺលើកទីមួយ នៅវេលាម៉ោងប្រមាណ ១៥:៥០ នាទី និង លើកទីពីរនៅវេលាម៉ោង ១៧:៥៤ នាទីល្ងាច និង បានបង្កឱ្យប្រជាជនស៊ីវិលកម្ពុជារងរបួសសរុបចំនួន ០៣ នាក់ និង បាត់បង់ជីវិតចំនួន ០១ នាក់៕


ប្រភព ៖ ក្រសួងការពារជាតិ