ប៉ុន្មានថ្ងៃកន្លងទៅ មហាជនអ្នកគាំទ្រវិស័យបវរកញ្ញា ជាពិសេសអ្នកតាមដានកម្មវិធី Miss Cosmo Cambodia បានជ្រាបហើយថាកម្មវិធីបានរកឃើញនូវម្ចាស់ជ័យលាភីគ្រងមកុដថ្មី Miss Cosmo Cambodia 2025 ដែលបានទៅលើបវរកញ្ញា ផន ស្រីពី។
ចំពោះម្ចាស់ជ័យលាភីគ្រងមកុដថ្មី MCC 2025 នេះ កញ្ញា ផន ស្រីពី ក៏ត្រូវបានមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនចែករំលែកបង្ហាញការអបអរដោយក្ដីពេញចិត្តខ្លាំង ព្រោះមើលឃើញពីភាពលេចធ្លោរបស់នាងទាំងសមត្ថភាព និង ចំណេះដឹង ស័ក្តិសមបំផុតតំណាងឱ្យកម្ពុជាឈរលើឆាកអន្តរជាតិ MC 2025 ខាងមុខ។
យ៉ាងណាមិញ មុននឹងជោគជ័យគ្រងមកុដ Miss Cosmo Cambodia 2025 នេះ ផន ស្រីពី ត្រូវបានគេដឹងថានាងក៏ធ្លាប់ឆ្លងកាត់ការប្រកួតប្រជែង និង មានបទពិសោធច្រើនគួរសមដែរក្នុងវិស័យបវរកញ្ញាទាំងឆាកជាតិ និង អន្តរជាតិ។
ក្នុងនោះ ផន ស្រីពី បានផ្ដើមចាប់ក្ដីស្រមៃក្នុងវិស័យនេះតាំងពីឆ្នាំ ២០១៨ មក ដែលបានចូលរួមប្រកួតកម្មវិធី Mr & Miss Cambodia Korawin 2018 និង ឆ្នាំ ២០១៩ នាងក៏បន្តចូលប្រកួត Freshie Girl ដោយទទួលបានចំណាត់ថា្នក់ Top 10។ មកដល់ឆ្នាំ ២០២៤ នាងបានប្រកួតឈ្នះមកុដ Miss Grand KampongCham 2024 និង ទទួលបានជ័យលាភីលំដាប់រងទី ៥ នៃ MGC 2024។
លើសពីនេះ ផន ស្រីពី ក៏ត្រូវបានជ្រើសរើសក្លាយជា Miss Intercontinental Cambodia 2024 តំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិនៅឯប្រទេសអេស្ស៊ីប ហើយការប្រកួតលើឆាកអន្តរជាតិនេះ ស្រីពី ទទួលបានលទ្ធផលដ៏ល្អឈានចូល Top 22 នៃកម្មវិធី Miss Intercontinental 2024 ទៀតផង៕