នាពេលថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង សម្ដែងក្ដីស្ងើចសរសើរ ទៅលើទឹកចិត្តយុវជនមួយរូប ដែលមានឆន្ទៈតស៊ូ ធ្វើដំណើរថ្មើរជើងពីរាជធានីភ្នំពេញ ទៅកាន់ខេត្តរតនគិរី ដែលមានចម្ងាយសរុបប្រមាណ ៥៨៨,៦ គីឡូម៉ែត្រ។
បន្ទាប់ពីបានឃើញនូវឆន្ទៈនៃការតស៊ូ ក្លាហានធ្វើអ្វីដែលខ្លួនចង់ធ្វើបែបនេះ នៅព្រឹកថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២៥ នេះ តាមរយៈគណនីឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាសមាជិករដ្ឋសភា បានប្រកាសជូនថវិកា ២ លានរៀលទៅកាន់យុវជនខាងលើ ដោយឯកឧត្តមបានមានប្រសាសន៍ដូច្នេះថា ៖ «ខ្ញុំសូមជូនដំណឹងដល់ក្មួយប្រុស ដែលដើរក្នុងរូបនេះថាខ្ញុំជូនលុយ ២ លានរៀល។ ក្មួយមកយកពេលណាក៏បាន»។
គួរឱ្យដឹងដែរថា យុវជនដែលមានឆន្ទៈធ្វើដំណើរថ្មើរជើងពីរាជធានីភ្នំពេញ ទៅកាន់ខេត្តរតនគិរី ត្រូវបានគេស្គាល់ថាជាជនជាតិដើមភាគតិច ចារ៉ាយ មានទីលំនៅនៅភូមិតេនង៉ល ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ខណៈការធ្វើដំណើរតាមបណ្ដោយផ្លូវជាតិប្រមាណ ៥៨៨,៦ គីឡូម៉ែត្រនេះ គឺរូបគេដើរដោយក្ដីពេញចិត្ត និង បេះដូងពិតៗ មិនមែនជាការសម្ដែង ឬ រៀបចំទុកជាមុនដើម្បីស្វែងរកភាពល្បីល្បាញអ្វីនោះឡើយ៕