នៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៥ នេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបាន និង កំពុងចាប់អារម្មណ៍នូវការបង្ហោះសារ និង រូបភាពជាបន្តបន្ទាប់នៅលើគណនីហ្វេសប៊ុករបស់លោក តាំង គឹមឡេង ដែលបានបង្ហាញពីការសាងសង់ផ្ទះជូនដល់ក្រុមគ្រួសារវីរកងទ័ព ដែលបានពលីក្នុងសមរភូមិកាលពីពេលកន្លងមក។
ក្នុងនោះ អ្វីដែលមហាជនបានចាប់អារម្មណ៍ខ្លាំងបន្តបន្ទាប់ ដែលសំណេរលោក តាំង គឹមឡេង បានបង្ហោះនោះ ហាក់បញ្ជាក់ថា ការសាងសង់ផ្ទះជូនក្រុមគ្រួសារវីរៈកងទ័ព គឺជាការរួមចំណែកជួយជ្រោមជ្រែងពីលោក ហេង វិសាល និង ភរិយា គឺអ្នកនាង ជា ស្រីនា ព្រមទាំងលោក ប៉ីប៉ី ឌី ផងដែរ។
ក្នុងនោះ សាររបស់លោក តាំង គឹមឡេង បានលើកឡើងពី លោក ហេង វិសាល និង អ្នកនាង ជា ស្រីនា បានសរសេរថា៖ «ក្រុមការងារ ដែលបានសន្យានឹងបងប្រុស គង់លីហូវ កីឡាករប្រដាល់ (និងជាទាហានជួរមុខកងពលលេខ 6) ដើម្បីសាងសង់ផ្ទះជូនបងប្រុស ក្រោមការជួយពីក្រោយរបស់បងប្រុស Heng Sokvisal ដើម្បីបំពេញបំណងលោកឪពុកពិការ ម្តាយជរា ពុំមានអីលំនៅឱ្យមានផ្ទះមួយតូចល្មមសម្រាប់ពួកគាត់»។
រីឯពាក់ព័ន្ធនឹងលោក ប៉ីប៉ី ឌី ឯណោះវិញ គឺលោក តាំង គឹមឡេង បានបង្ហោះរូបសកម្មភាពជាច្រើន ដែលលោក ប៉ីប៉ី ឌី បានទៅដល់ផ្ទះរបស់ក្រុមគ្រួសារវីរកងទ័ព ដែលបាន និង កំពុងសាងសង់ជាបន្តបន្ទាប់ ដែលសបញ្ជាក់ថា ការសាងសង់ផ្ទះនោះ ក៏ជាការរួមចំណែកពីលោក ប៉ីប៉ី ឌី ផងដែរ៕