ថ្មីៗនេះ មហាជននិយមតាមដានខ្សែភាពយន្ត ជាពិសេស អ្នកស្រឡាញ់ និង ចិញ្ចឹមសត្វជាច្រើន មានការផ្ទុះប្រតិកម្ម និង ចែករំលែកនូវឈុតមួយថតចេញពីក្នុងសាច់រឿង «១៤ កុម្ភៈ» របស់ផលិតកម្ម LD នៃឈុតឆាកមួយរបស់សត្វឆ្មាស្លាប់ដេកស្តូកស្តឹង។
ក្នុងនោះដែរ អ្នកស្រឡាញ់ និង ចិញ្ចឹមសត្វ បានបញ្ចេញមតិរិះគន់ និង បង្ហាញអារម្មណ៍ខ្លោចចិត្តយ៉ាងខ្លាំង ដោយយល់ថាឈុតនោះដែរ សត្វឆ្មានោះ ត្រូវបានសម្លាប់ពិតមែន និង ខ្លះទៀតបានបញ្ចេញមតិឱ្យក្រុមការងារផលិតភាពយន្តខាងលើ បង្ហាញឈុតក្រៅឆាក ដើម្បីបញ្ជាក់។
យ៉ាងណាមិញ ក្រោយផ្ទុះប្រតិកម្មបែបនេះហើយ លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD បានចេញមកបង្ហាញនូវការបញ្ចេញមតិមួយចំនួនរបស់បសុពេទ្យ ដែលបានចេញមកបកស្រាយជំនួសពាក់ព័ន្ធនឹងរូបភាពស្តូកស្តឹងដូចអស់ជីវិតពិតរបស់សត្វឆ្មានោះ ដោយអះអាងថា អាចជាការដាក់ថ្នាំសណ្តំ។ លើសពីនោះ លោក លៀក លីដា ផ្ទាល់ក៏បានចេញមកបង្ហោះសារដោយបញ្ជាក់ដែរថា ក្នុងសាច់រឿងទាំងមូលគ្មានរូបភាពឃោរឃៅ ឬក៏ហិង្សាណាមួយទៅលើសត្វឆ្មានោះទេ។
បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជាជិតកន្លះខែហើយបើគិតចាប់តាំងពីថ្ងៃបញ្ចាំងរឿង «១៤ កុម្ភៈ» កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ ប៉ុន្តែការប្រតិកម្មរបស់មហាជនចំពោះប្លង់សត្វឆ្មានោះដែរ នៅតែបន្តចែករំលែក និង ទាមទារឱ្យម្ចាស់ផលិតកម្ម LD និង ក្រុមការងារចេញមកបង្ហាញទិដ្ឋភាពក្រោយឆាក ព្រមទាំងបច្ចុប្បន្នភាពរបស់សត្វឆ្មា បើសិនជាឆ្មានោះមិនបានបាត់បង់ជីវិតដូចក្នុងរឿង។
លើសពីនោះ រាល់ការផុសរបស់លោក លៀក លីដា នៅលើគណនីហ្វេសប៊ុកផ្ទាល់ បើទោះជាបានបង្ហោះរូបភាព ឬសារអ្វីក៏ដោយ លោកត្រូវបានមហាជនជជីកសួរដដែលៗពីរឿងខាងលើនេះជារឿយៗ៕