ធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសជាផ្លូវការនូវយុទ្ធនាការម៉ាកយីហោដ៏សំខាន់មួយមានឈ្មោះថា “ពុះពារ” ដែលបង្កើតឡើងតាមរយៈការចាប់ដៃសហការជាមួយក្រុមតារាចម្រៀង La Cima Cartel។

យុទ្ធនាការនេះប្រព្រឹត្តិទៅក្រោមចំណងជើង “អនាគតមានសម្រាប់អ្នកហ៊ានពុះពារ” ដែលបង្កប់នូវខ្លឹមសារពោរពេញដោយអត្ថន័យ ហើយក៏ជាយុទ្ធនាការដ៏សំខាន់មួយសម្រាប់ធនាគារ វីង ដ្បិតថានេះជាគំនិតផ្តួចផ្តើមម៉ាកយីហោប្រចាំឆ្នាំដំបូងដែលផ្សាភ្ជាប់ជាមួយវិស័យតន្រ្តីហើយក៏ជាកិច្ចសហការលើកដំបូងបង្អស់ជាមួយក្រុមតារាចម្រៀងទូតសុឆ្ទនៈរបស់ខ្លួនផងដែរ។ យុទ្ធនាការ “ពុះពារ” ឆ្លុះបញ្ចាំងពីបេសកកម្មថ្មីរបស់ធនាគារ វីង ដែលឈានទៅមុខលើសពីការបម្រើសេវាកម្មធនាគារ ពោលគឺយុទ្ធនាការនេះនឹងផ្តល់នូវកម្លាំងចិត្ត បំផុសគំនិត ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយយុវជនកម្ពុជា តាមរយៈការច្នៃប្រឌិត វប្បធម៌ និងការបង្កើននូវភាពជឿជាក់ឱ្យកាន់តែរឹងមាំក្នុងចំណោមយុវជនខ្មែរ។

កិច្ចសហការជាមួយក្រុមតារាចម្រៀង La Cima Cartel ត្រូវបានប្រកាសជាសាធារណៈកាលពីប៉ុន្មានខែមុននេះ នៅក្នុងព្រឹត្តិការណ៍ជួបជុំដ៏ពិសេសមួយ នៅឯសណ្ឋាគារកាំបូឌីយ៉ាណា ដែលក្រុមចម្រៀងវ័យក្មេងដ៏មានប្រជាប្រិយភាពនេះត្រូវបានតែងតាំងជាទូតសុឆន្ទៈ និងជាសម្លេងតំណាងឱ្យធនាគារ វីង ក្នុងយុគសម័យថ្មី។ ហើយឥឡូវ ភាពជាដៃគូនេះបានចេញជារូបរាងតាមរយៈយុទ្ធនាការ “ពុះពារ” ដែលជាការសាទរ ក៏ដូចជាការលើកតម្កើងនូវមហិច្ឆតា ការតស៊ូដ៏មោះមុត និងស្មារតីរបស់យុវជនខ្មែរជំនាន់ថ្មី។

ក្នុងអំឡុងពេលបើកប្រកាសយុទ្ធនាការនេះជាផ្លូវការ កញ្ញា គិត វីននីនាយិកាគ្រប់គ្រងទីផ្សារនៃធនាគារ វីង បានចែករំលែកសារដ៏កក់ក្តៅអំពីគោលបំណងនៅពីក្រោយគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ។

កញ្ញា គិត វីននី បានលើកឡើងថា៖ “នៅពេលដែលខ្ញុំគិតអំពីយុវជនជំនាន់ថ្មីនេះ ជាពិសេសអ្នកដែលមានអាយុប្រហាក់ប្រហែលខ្ញុំនោះ ខ្ញុំបានមើលឃើញកម្លាំងថាមពលខ្លាំងក្លាមួយ។ ពួកយើងចូលចិត្តរៀនអ្វីថ្មីៗ ក្លាហានហើយត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការងារជាច្រើន។ ពួកយើងមានការគិតថ្មីៗ មានភាពច្នៃប្រឌិត និងពោរពេញដោយក្តីស្រមៃជាច្រើន ព្រមទាំងជឿថាក្នុងនាមជាកូនខ្មែរ គឺត្រូវតែរឹងមាំ ហើយពុះពារឆ្ពោះទៅមុខមិនរាថយឡើយ។”

កញ្ញា គិត វីននី បានបន្តថា៖ “នៅធនាគារ វីង យើងជឿថា យុវជនសម័យថ្មីមិនគ្រាន់តែជាធនធានដ៏មានតម្លៃសម្រាប់ការរីកចម្រើនរបស់សង្គមនាពេលអនាគតនោះទេ សូម្បីតែពេលបច្ចុប្បន្នក៏អ្នកទាំងអស់គ្នាអាចរួមចំណែកដល់សង្គមជាតិផងដែរ។ ដូច្នេះហើយទើបយើងបានបង្កើតនូវផលិតផល និងសេវាកម្មជាច្រើនដែលជួយឱ្យពួកគេអាចសម្រេចក្តីស្រមៃបន្តិចម្តងៗកាន់តែងាយស្រួល។”

ចំណុចសំខាន់នៃយុទ្ធនាការនេះ គឺផលិតផលដ៏សំខាន់របស់ធនាគារ វីង ដែលត្រូវបានគេស្គាល់ថាជា គណនី “សន្សំដើម្បីគោលដៅ” ដែលត្រូវបានរចនាឡើងដើម្បីជួយឱ្យអ្នកប្រើប្រាស់កំណត់គោលដៅសំខាន់ៗ ហើយឆ្ពោះទៅសម្រេចគោលដៅទាំងនោះបានយ៉ាងរលូនជារៀងរាល់ថ្ងៃ។ វាពិតជាឆ្លុះបញ្ចំាងស្មារតីនៃ “ការពុះពារ” ដោយប្រែក្លាយមហិច្ឆតាទៅជាសកម្មភាព ក្តីស្រមៃទៅជាលទ្ធផលពិតប្រាកដ។

ទោះបីជា បទចម្រៀងថ្មីមានចំណងជើងថា “ពុះពារ” នៃក្រុមចម្រៀង La Cima Cartel មិនទាន់ចេញផ្សាយពេញលេញក៏ដោយ ក៏ផ្នែកមួយនៃបទចម្រៀងនេះត្រូវបានដាក់បញ្ចូលក្នុងវីដេអូពាណិជ្ជកម្មថ្មី ដែលបានដាក់បញ្ចាំងជាលើកដំបូងក្នុងអំឡុងពេលប្រកាសយុទ្ធនាការនេះ។ បទចម្រៀងពេញ ព្រមទាំងវីដេអូចម្រៀងផ្លូវការ នឹងផ្សព្វផ្សាយជាផ្លូវការនៅ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងកម្មវិធី Meet & Greet Listening Party ជាមួយក្រុមចម្រៀង La Cima Cartel ហើយនេះជាកម្មវិធីដ៏ពិសេសមួយ ដែលអ្នកគាំទ្រអាចស្តាប់ ទស្សនាវីដេអូ និងដឹងពីដំណើររឿងនៅពីក្រោយកិច្ចសហការនេះដោយផ្ទាល់។

លោក ហាស្យា សមាជិកម្នាក់នៃក្រុមចម្រៀង La Cima Cartel បាននិយាយថា៖ “នៅពេលដែលធនាគារ វីង ចែករំលែកគំនិតនេះ ពួកយើងក៏ពេញចិត្តភ្លាមៗតែម្តង។ យើងចង់បង្កើតអ្វីមួយដែលខ្មែរគ្រប់រូបទទួលបាននូវការបំផុសគំនិតដ៏ល្អ ហើយផ្តល់ជូនជាបទចម្រៀងដែលរំឭកថា យើងទាំងអស់គ្នាត្រូវតាំងចិត្តឱ្យខ្ពស់ ហើយឆ្ពោះទៅមុខជានិច្ច។”

នៅពេលដែលយុទ្ធនាការនេះចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ វីដេអូដែលនិយាយអំពីរឿងរ៉ាវផ្សេងៗ សកម្មភាពនៅតាមឌីជីថល និងសកម្មភាពនៅក្រោយឆាក អំពីរបៀបដែលយុទ្ធនាការ “ពុះពារ” ជួយឱ្យប្រជាជនកម្ពុជាទទួលបាននូវមធ្យោបាយ និងទំនុកចិត្តដើម្បីឆ្ពោះទៅមុខបានយ៉ាងប្រសើរ នឹងត្រូវផ្សព្វផ្សាយដល់សាធារណជន។ ដូច្នេះ ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រទាំងអស់ អាចតាមដានបណ្ដាញសង្គមផ្លូវការរបស់ធនាគារ វីង សម្រាប់ព័ត៌មានថ្មីៗអំពីព្រឹត្តិការណ៍ដែលនឹងកើតមានឡើងនាពេលខាងមុខខ្លឹមសារថ្មីៗ ផលិតផល និងព័ត៌មានលម្អិតអំពីការទទួលបានសំបុត្រចូលរួមក្នុងកម្មវិធី Meet & Greet នៅថ្ងៃទី៥ ខែធ្នូ ដើម្បីជួបជាមួយក្រុមចម្រៀង La Cima Cartel ដោយផ្ទាល់។

កញ្ញា គិត វីននី បានគូសបញ្ជាក់ទៀតថា៖ “នេះគឺជាទំព័រថ្មីមួយសម្រាប់ធនាគារ វីង។ គោលដៅរបស់យើងមិនត្រឹមតែជួយជំរុញភាពរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែតែយើងលើកទឹកចិត្តថែមទៀត។ ព្រោះអនាគតមិនរង់ចាំយើងឡើយ ពោលគឺអនាគតកើតមានសម្រាប់តែអ្នកដែលហ៊ានពុះពារប៉ុណ្ណោះ។”

ជាមួយនឹងយុទ្ធនាការ “ពុះពារ” ធនាគារ វីង កំពុងកំណត់និយមន័យថ្មីពីរបៀបដែលគ្រឹះស្ថានធនាគារមួយបង្កើតអ្វីថ្មីៗសម្រាប់ជាប្រយោជន៍ដល់អ្នកប្រើប្រាស់។ វិស័យធនាគារដែលជារឿយៗ ត្រូវបានគេមើលឃើញថាប្រកាន់ភ្ជាប់នូវទម្លាប់ផ្លូវការ ឬគ្រាន់តែជាកន្លែងធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ប៉ុន្តែយុទ្ធនាការរបស់ធនាគារ វីង កំពុងផ្លាស់ប្តូរការយល់ឃើញទាំងនោះដោយបង្ហាញថាសេវាធនាគារក៏អាចបង្កើតនូវបទពិសោធន៍ល្អៗ ក៏ដូចជាផ្សារភ្ជាប់នូវការលើកកម្ពស់វប្បធម៌ជាតិផងដែរ។ យុទ្ធនាការនេះបានកំណត់ស្តង់ដារថ្មីពីរបៀបដែលម៉ាកយីហោភ្ជាប់ទំនាក់ទំនងជាមួយទស្សនិកជន ដែលស្តែងឱ្យឃើញតាមរយៈភាពច្នៃប្រឌិត ភាពស្មោះត្រង់ និងការជឿជាក់ចំពោះសក្តានុពលដែលមាននៅក្នុងប្រទេសកម្ពុជា។

ធនាគារ វីង កំពុងបោះជំហានទៅមុខជាមួយនឹងការធ្វើទំនើបកម្មថ្មីៗ ដោយផ្តោតលើការភ្ជាប់ទំនាក់ទំនង និងបម្រើអតិថិជនប្រកបដោយការយកចិត្តទុកដាក់។ នេះហើយជាវិធីដែលធនាគារ វីង កំពុងជួយកសាងយុវជនជំនាន់ថ្មីមួយដែលពោរពេញដោយក្តីសង្ឃឹម និងជាអ្នកភ្ជាប់ក្តីស្រមៃឱ្យក្លាយជាការពិត មិនថាបច្ចុប្បន្ន និងតទៅអនាគត៕




