រង្វង់មូលនាងទេពមច្ឆា ក្លាយជាកន្លែងលម្ហែកាយដ៏ទាក់ទាញនាពេលល្ងាច នៅត្រើយម្ខាង !
ចាប់តាំងពីស្ពានបាឡេត៍ នៅឬស្សីកែវត្រូវបានសាងសង់ឆ្លងកាត់ទន្លេសាបរួចមក នៅរង្វង់មូលនាងទេពមច្ឆា ត្រើយខាងកើតបានក្លាយទៅជាកន្លែងលម្ហែកាយពេលល្ងាច ដ៏ពេញនិយមរបស់ប្រជាពរដ្ឋ ដែលរស់នៅតំបន់ជិតៗបរិវេណនោះ ។
រង្វង់មូលនាងទេពមច្ឆា ដោយត្រូវបានគេរចនាលម្អដោយរូបនាងទេពមច្ឆា វាជាការវិនិយោគរបស់ក្រុមហ៊ុន OCIC ហើយត្រូវបានក្រសួងបរិស្ថាននៃប្រទេសកម្ពុជា និង ក្រសួងបរិស្ថាននៃប្រទេសជប៉ុន ជ្រើសយកទីកន្លែងនេះ សម្រាប់បំពាក់គ្រឿងបច្ចេកវិទ្យា ដើម្បីតាមដានអំពីកត្តាបរិស្ថានសម្រាប់ទីក្រុងទំនើប (Smart City)»។ នេះបើតាមការពន្យល់របស់លោក ទូច សំណាង អនុប្រធានក្រុមហ៊ុន OCIC ។
ឱ្យតែពេលរសៀលចូលមកដល់ គេសង្កេតឃើញមាន អ្នកលក់ដូរ ជាច្រើនបាននាំគ្នាទៅលក់ចំណីរអាហារ និង សម្ភារៈក្មេងលេង យ៉ាងច្រើន ។ ជាមួយគ្នានោះដែរ គេក៏សង្កេតឃើញ អ្នកដំណើរ និង ប្រជាពលរដ្ឋជាច្រើន បាននាំគ្នា ទៅលំហែកាយ យកខ្យល់អាកាសត្រជាក់នៅលើរង្វង់មូលនេះ ជាប្រចាំផងដែរ ។
ដើម្បីទៅរង្វង់មូលនាង ទេពមច្ឆា លោកអ្នកអាចធ្វើដំណើរ ឆ្លងកាត់ តាមមហាវិថី អូស៊ីអាស៊ី នៅកណ្តាលក្រុងរណបជ្រោយចង្វារថ្មី ដែលស្ថិតនៅត្រង់ចំណុចប្រសព្វផ្លូវពីស្ពានបាឡេត៍ ឆ្លងកាត់ទន្លេសាប ៕
ដោយ៖សុថាត់