មេសម័យថ្មីលែងស៊ីជោរជាមួយអ្នកប៉ិនអែបអបហើយ បើគ្មាន ៥ យ៉ាងនេះកុំសង្ឃឹមឡើងលុយឱ្យសោះ
ក្នុងក្រុមហ៊ុននីមួយៗ គេសម្លឹងឃើញថា មានបុគ្គលិក ២ ប្រភេទផ្សេងគ្នា គឺអ្នកពូកែធ្វើការការ និង អ្នកពូកែអែបអប ។ ទោះបីជាយ៉ាងណាអ្នកដែលមានសមត្ថភាពពិតប្រាកដនៅតែល្អជាងអ្នកប៉ិនប្រសប់ខាងអែបអប ។ ប្រសិនបើពូកែខាងអែបអប តែគ្មាន ៥ ចំណុចដូចខាងក្រោមទេ ក៏ពិបាកនឹងឡើងតំណែង ឬ ប្រាក់ខែណាស់ ៖
១. ធ្វើការដោយចេញពីទឹកចិត្ត ក្ដីស្រឡាញ់ពិតប្រាកដចំពោះការងារ
ជាបុគ្គលិកល្អម្នាក់សម្រាប់ក្រុមហ៊ុន មិនមែនធ្វើការរាប់ថ្ងៃបើកប្រាក់ខែនោះទេ តែជាបុគ្គលិកម្នាក់ដែលបំពេញការងារចេញពីទឹកចិត្ត មិនមែនឱ្យតែរួចពីដៃឡើយ ។ ការដាក់ចិត្ត តាំងចិត្តធ្វើការងារដោយចេញពីមនសិកាចង់ឱ្យខ្លួនឯង និង ក្រុមហ៊ុនរីកចម្រើន គឺតែងទទួលបានលទ្ធផលល្អ ។
២. មានភាពជាអ្នកដឹកនាំលើខ្លួនឯង
ជាបុគ្គលិកឆ្នើមម្នាក់ក្នុងក្រុមហ៊ុន គួរតែស្រវេស្រវាក្នុងការបំពេញការងារដោយខ្លួនឯងខ្លះ មិនមែនចាំតែថ្នាក់លើបង្គាប់នោះទេ ព្រោះពេលខ្លះថ្នាក់លើក៏ចង់ដឹងពីបុគ្គលិកម្នាក់នោះដែរ ថាតើអាចបង្កើតការងារដោយខ្លួនឯងបានដែរទេ ? អ្នកដែលមានភាពជាអ្នកដឹកនាំ គឺនឹងយល់ច្បាស់ពីការទទួលខុសត្រូវ និង ការងារដែលខ្លួនត្រូវធ្វើ មិនអង្គុយរង់ចាំអ្នកណាបញ្ជាឡើយ ។
៣. ភាពក្លាហាន
ជាបុគ្គលិកឆ្នើមម្នាក់មិនត្រូវខ្លាច ឬ រារែកនូវអ្វីដែលខ្លួនចង់បង្ហាញនោះទេ ។ មានសមត្ថភាពអ្វីគំនិតអ្វីត្រូវហ៊ានបង្ហាញ ដូចជានៅក្នុងអង្គប្រជុំជាមួយថ្នាក់ដឹកនាំ និង បុគ្គលិកដទៃទៀត ត្រូវបង្ហាញឱ្យគេគ្រប់គ្នាបានដឹងខ្លះ កុំទាន់គិតពីអ្នកណាគិតយ៉ាងម៉េច ។ អ្វីដែលសំខាន់ គឺត្រូវប្រាកដថា ខ្លួនឯងពិតជាចេះប្រាកដមែន កុំនិយាយឱ្យតែបាននិយាយ តែមិនអាចធ្វើបាន ។
៤. មិនដែលយកចរិតតួឯកដាក់ខ្លួន
គ្មានអ្នកណាមួយចេះដប់នោះទេ បើទោះបីជាមានសមត្ថភាពខ្លាំងជាងអ្នកដទៃ ក៏មិនមែនមានន័យថា អ្នកចេះគ្រប់យ៉ាងឡើយ ។ ដូច្នេះហើយត្រូវរៀនទទួលយកគំនិតអ្នកដទៃ ចេះបើកចិត្តទូលាយ ស្គាល់កំហុសខ្លួនឯង ដឹងពីភាពខ្វះខាត ដើម្បីបំពេញឲ្យខ្លួនឯងកាន់ប្រសើរ នោះអ្នកនឹងកាន់តែលេចធ្លោខ្លាំង លើអ្វីដែលខ្លួនកំពុងមានទៅទៀត ។
៥. មិនក្បត់ជាមួយការងារ
ត្រង់ចំណុចនេះសំដៅថា ក្នុងម៉ោងការងារអ្នកចំណាយថាមពល ប្រាជ្ញាស្មារតីលើការងារទាំងស្រុង ដោយមិនចំណាយកម្លាំងធ្វើអ្វីផ្សេងដែលជាប្រយោជន៍ផ្ទាល់ខ្លួនក្នុងម៉ោងការងារឡើយ ។ បើអ្នកហ៊ានកេងពេលវេលាក្នុងការងារ ដើម្បីប្រយោជន៍ផ្សេងគង់តែមានថ្ងៃមានបញ្ហាមិនខាន ។ ដូច្នេះអ្វីដែលអ្នកគួរធ្វើ គឺស្មោះត្រង់ចំពោះការងារ និង ធ្វើការដោយការទទួលខុសត្រូវខ្ពស់បំផុត ៕