ឃើញទេសភាពទឹកធ្លាក់ជ្រៀវភ្លាម ចង់ទៅលេងភ្លែត ព្រោះស្អាតខ្លាំង !
ទោះបីជាខេត្តកំពង់ស្ពឺមិនមានប្រាសាទច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរ ដូចបណ្តាខេត្តដទៃទៀតក្តី ក៏ខេត្តដែលសំបូរទៅដោយធនធានធម្មជាតិ និង ព្រៃភ្នំមួយនេះមានសក្តានុពលជាច្រើនដើម្បីទាក់ទាញទេសចរ ។ ទឹកធ្លាក់ជ្រៀវជារមណីយដ្ធានធម្មជាតិមួយ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ ។
បើយើងធ្វើដំណើរពីភ្នំទៅដល់ទឹកធ្លាក់ជ្រៀវតាមរថយន្តនោះ គឺត្រូវចំណាយពេលប្រមាណជា ២ ម៉ោង លើចម្ងាយផ្លូវ ១១០ គីឡូម៉ែត្រ ដោយចេញពីវត្តភ្នំតាមផ្លូវជាតិលេខ ៥ ដល់ផ្សារឧត្តុង្គ បត់រហូតដល់ផ្សារអមលាំង រួចបទស្តាំប្រហែលជា ៦ ឬ ៧ គីឡូម៉ែត្រនោះយើងនឹងបានដល់ទឹកធ្លាក់ ដោយគ្រាន់តែដើរដោយថ្មើជើងប្រមាណជា ៥ នាទីទៀតនោះនឹងបានដល់ទឹកធ្លាក់ជ្រៀវដំណាក់ទីមួយ។
ប៉ុន្តែបើធ្វើដំណើរមកពីខេត្តកំពង់ស្ពឺវិញគឺមានចម្ងាយផ្លូវជាង ៨០ គីឡូម៉ែត្រ។ ចំពោះផ្លូវធ្វើដំណើរវិញមានស្ថានភាពល្អស្អាតអាចធ្វើដំណើរតាមរថយន្តតូចៗពីភ្នំពេញក៏បាន ឯបញ្ហាសន្តិសុខវិញគឺមិនមានអ្វីជាបញ្ហាឡើយ។
ទឹកធ្លាក់ជ្រៀវស្ថិតនៅចំណុច ភ្នំខ្ជាយជាយខាងជើងបំផុតនៃ ស្រុកថ្ពង ជាប់នឹង ព្រំប្រទល់ខេត្តកំពង់ឆ្នាំ ដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
ទឹកធ្លាក់ជ្រៀវគឺនៅមានលក្ខណធម្មជាតិដើមសុទ្ធសាត ពុំទាន់មានការកែច្នៃនៅឡើយ ទាំងព្រៃឈើ និង បរិដ្ឋានគឺនៅមានលក្ខណល្អនៅឡើយ ពិសេសព្រៃឈើ និង ធនធានធម្មជាតិនៅជុំវិញទឹកធ្លាក់ជ្រៀវមិនទាន់មានការបំផ្លិចបំផ្លាញនៅឡើយ ។
ទឹកធ្លាក់ជ្រៀវមានបីជាន់ គឺ មានទឹកធ្លាក់ជ្រៀវ អន្លង់សំរិទ្ធ និង អន្លង់តាអ៊ុយ ដែលភ្ញៀវទេសចរអាចងូតទឹកលេងបានយ៉ាងសប្បាយរីករាយ ។ ឯទឹកធ្លាក់ដែលមានទឹកខ្ពស់ជាងគេគឺទឹកធ្លាក់ដំណាក់ទីមួយដែលនៅទីនោះ មានភ្ញៀវទេសចរនិយមទៅលេងច្រើនជាងគេ ដែលមានទឹកហូរចុះតាមជម្រាលថ្មមានកម្ពស់ជាង ៣០ ម៉ែត្រ មានទេសភាពយ៉ាងស្រស់ស្អាត បើយើងឈរពីលើទួលខ្ពស់ មើលទៅផ្នែកខាងក្រោម ៕
ដោយ៖សុថាត់