ក្តីស្រឡាញ់ឪពុកម្តាយចំពោះកូនៗ គាត់មិនប្រាប់ផ្ទាល់មាត់ តែបញ្ជាក់តាមទង្វើទ ៥ យ៉ាងនេះ កូនៗមិនដឹង!
គេតែងនិយាយថា គ្មានការងារអ្វីពិបាកជាងធ្វើឪពុក-ម្តាយគេឡើយ តែទោះបីជាការងារនេះវាពិបាកប៉ុនណា នឿយហត់យ៉ាងណា ត្រូវរងនូវការឈឺចាប់យ៉ាងណា ហើយត្រូវញាំញីដោយទុក្ខវេទនាយ៉ាងណា ឬ ត្រូវសម្រក់ទឹកភ្នែកយ៉ាងណា ក៏ម៉ែ-ពុកនៅតែអាចធ្វើបានដើម្បីកូន គឺមិនរួញរាឡើយ ព្រោះម៉ែ-ពុកសប្បាយចិត្តពេលមានកូននៅក្បែរ ។ ឪពុកម្តាយតែងទុកកូនៗជាមុនស្សទីមួយ និង ស្រឡាញ់កូនៗគ្មានលក្ខខណ្ឌ ពេលខ្លះទោះបីជាមិនបង្ហាញចេញមកខាងក្រៅពិតមែន ប៉ុន្តែតាមរយៈកាយវិការគឺបានបញ្ជាក់យ៉ាងច្បាស់ ដែលអ្នកជាកូនៗអាចសង្កេតបាន នោះអ្នកនឹងដឹងថាឪពុកម្តាយអ្នកស្រឡាញ់អ្នកខ្លាំងកម្រិតណា ។
តើកាយវិការណាខ្លះ ដែលស្តែងឱ្យឃើញពីទឹកចិត្តម្តាយស្រឡាញ់កូន ។ តោះមកតាមដានទាំងអស់គ្នា ៖
១-អង្គុយរង់ចាំមើលផ្លូវកូនចេញពីធ្វើការ
គាត់កម្រនឹងពោលពាក្យត្រង់ៗថាស្រឡាញ់កូនណាស់ តែតាមកាយវិការ និង ទង្វើមួយនេះបានបញ្ជាក់យ៉ាងច្បាស់ថាគាត់ពិតជាស្រឡាញ់ និង បារម្ភពីសុវត្ថិភាព របស់កូនយ៉ាងខ្លាំង ។ គាត់តែងតែអង្គុយរង់ចាំកូនរាល់ពេលដែលកូនចេញពីធ្វើការ ឬ ចេញពីរៀន មិនថាពេលថ្ងៃ ឬ យប់ជ្រៅនោះទេ អង្គុយរង់ចាំរហូតទាល់ឃើញវត្តមានកូនមកដល់ផ្ទះដោយសុវត្ថិភាព ទើបធ្វើឱ្យបានមានអារម្មណ៍ធូរស្រាលក្នុងខ្លួន ។
២-ទៅណាមកណាតែងតែយកកូនទៅតាមជានិច្ច
ទៅណាក៏យកទៅតាម ដូចជា យកទៅដើរកម្សាន្ត យកទៅចូលរួមពិធីផ្សេងៗ ជាដើម ក៏ជាទង្វើមួយដែលបង្ហាញថាឪពុកម្តាយអ្នកស្រឡាញ់អ្នកខ្លាំងដែរ ព្រោះគាត់ចង់ឱ្យកូនបានស្គាល់មនុស្សម្នា និង កន្លែងកម្សាន្តថ្មីៗ ម្យ៉ាងគាត់គិតថាការយកទៅតាមនោះ គឺងាយស្រួលគាត់បានមើលថែបានដិតដល់ និង ពេញដៃពេញជើងជាងអ្នកដទៃ ។
៣-រៀបចំម្ហូបអាហារ និង កន្លែងគេងឱ្យយ៉ាងរៀបរយ
ឪពុកម្តាយតែងតែចម្អិនម្ហូបដ៏មានឱជារសឈ្ងុយឆ្ងាញ់ដល់កូនៗ ។ គាត់តែងតែសម្រិតសម្រាំង និង ធ្វើរាល់មុខម្ហូបទាំងឡាយយ៉ាងផ្ចិតផ្ចង់បំផុត ដើម្បីកូនបាន ឆ្ងាញ់មាត់ ។ ត្រូវចាំថារាល់មុខម្ហូបដែលឪម្តាយធ្វើ គឺឆ្ងាញ់់គ្រប់មុខ ព្រោះគាត់បានបង់ក្តីស្រឡាញ់ និង មនោសញ្ចេតនាចូលក្នុងនោះ ។
៤-ថែទាំពេលកូនឈឺម្តងៗ
ពេលកូនៗឈឺគឺជាពេលដែលឪពុកម្តាយបារម្ភបំផុត ហើយបើគាត់អាចរើសបានគាត់នឹងសុំឈឺជំនួសកូនៗ ព្រោះគាត់មិនចង់ឃើញកូនៗ មិនស្រួលក្នុងខ្លួន លំបាកក្នុងខ្លួន ឬ មានបញ្ហាណាមួយកើតឡើងលើកូនៗឡើយ ។ ទឹកក្តៅទឹកត្រជាក់គាត់តែងតែធ្វើសម្រាប់ក្នុងពេលវេលាដ៏អាក្រក់នេះ ។
៥-រកគូអនាគតដែលល្អឱ្យកូន
នេះក៏ជាទង្វើមួយដែលបញ្ជាក់ពីក្តីស្រឡាញ់របស់ឪពុកម្តាយចំពោះកូនៗដែរ ដោយគាត់តែងតែព្យាយាមរកមនុស្សល្អ និង អាចទុកចិត្តណាម្នាក់ធ្វើជាគូជីវិត សម្រាប់មើលថែកូនបន្តពីគាត់ ។ នេះគឺជាអ្វីដែលឪពុកម្តាយចង់ធ្វើបំផុតសម្រាប់កូនៗ ដែលពេលខ្លះកូនៗមិនសូវជាបានដឹងឮពីទឹកចិត្តរបស់ពួកគាត់ឡើយ ។ កាយវិការនេះគឺបង្ហាញថាគាត់កំពុងយកចិត្តទុកដាក់ចំពោះអនាគតកូន និង សង្ឃឹមកូនៗមានជីវិតរស់នៅដែលប្រសើរទៅថ្ងៃក្រោយ ។
នៅមានជាច្រើនទៀតដែលឪពុកម្តាយតែងតែធ្វើសម្រាប់កូនតាមរយៈកាយវិការ ដោយទាំងអស់នោះសុទ្ធតែបង្ហាញពីក្តីស្រឡាញ់ពេញបេះដូងរបស់គាត់ ចំពោះកូនៗ ។ ចូលចាំថា ឪពុកម្តាយស្រឡាញ់កូនគឺគ្មានលក្ខខណ្ឌទេ ដូច្នេះចូរស្រឡាញ់ម្តាយអ្នកឱ្យបានច្រើន និង នាំភាពសប្បាយរីករាយឱ្យបានច្រើនដូចគ្នាដែរ ។
រូបភាពផ្តល់ដោយ ៖ ឡាំង សូលីណា