ប្រុសៗចឹងមែនអត់? ចេះស្រឡាញ់ស្រីដំបូងៗ ចរិត ៦ យ៉ាងនេះដឹងមកពីណាពីណីទេ
ស្រីៗមួយចំនួនធំប្រហែលជាចង់ដឹងណាស់ថាពេលមនុស្សប្រុសចេះស្រឡាញ់ស្រីដំបូងៗ មានចរិតបែបណាមែនទេ ? ថ្ងៃនេះ «ប្រជាប្រិយ» សូមទម្លាយឱ្យខ្ទេចគ្មានលាក់ទុកបន្តិចឡើយ ។ ដូច្នេះសូមមកដឹងទាំងអស់គ្នា ៖
១. ចេះនិយាយទូរស័ព្ទច្រើនខុសពីធម្មតា
ដឹងស្រាប់ហើយថា មនុស្សប្រុសពិតមិនសូវពូកែនិយាយច្រើននោះទេ ពិសេសនិយាយជាមួយមិត្តភក្ដិប្រុសៗគ្នាឯងច្រើនតែកំបុតឆ្កុយៗមិនសូវមានឃ្លោងឃ្លាទេ ហើយថែមទាំងនិយាយខ្លាំងៗគ្មានលាក់លៀម ។ តែក្រោយមានស្នេហាស្រាប់តែចេះនិយាយខ្សឹបៗ ចេះលេងពាក្យពេចន៍មិនចាញ់អ្នកប្រាជ្ញ ហើយនិយាយតាំងពីថ្ងៃរះដល់ថ្ងៃលិចនៅមិនទាន់អស់រឿងនិយាយផង ។
រូបតំណាង
២. ចេះរៀបចំខ្លួន និង អត្តចរិតប្រសើរជាងមុន
កាលពីមុនសំលៀកបំពាក់អីក៏ចេះតែស្លៀកមិនសូវខ្វល់រឿងសមមិនសមទេ តែពេលមានស្នេហាមុនចេញទៅក្រៅនិយាយពីថាឡើងខ្ញង់តែម្ដង ។ និយាយពីអត្តចរិតវិញកាលពីមុនមិនសូវ ចេះលាក់ទេចង់ធ្វើអីក៏ធ្វើនឹង ជួនកាលប្រុសៗខ្លះហ៊ានផោមមុខអ្នកដទៃទៀត ។ ពេលមានស្នេហាអត្តចរិតផ្លាស់ប្ដូរអស់រលីង អ្វីដែលជាចំណុចអាក្រក់បែរជាមកល្អទាំងព្រម មិនបាច់មានអ្នកណាប្រាប់ទេ ។
៣. ចេះលួងអ្នកដទៃខុសពីមុនដែលមិនមែនជាចរិតខ្លួនឯង
ចរិតមនុស្សប្រុសមិនសូវចេះទ្រអ្នកណាទេ ហើយភាគច្រើននៃមនុស្សប្រុសគឺស្អប់ណាស់ភាពច្រំដែល ។ ផ្ទុយពីចរិតមនុស្សស្រីចូលចិត្តឲ្យគេលួងឲ្យគេទ្រណាស់ ។ ដូច្នេះហើយបើគេមិនចេះលួង ចេះទ្រខ្លះទេ ដឹងតែចប់ហើយ ។ បែបនេះហើយទើបគេក្លាយជាមនុស្សចេះលួងអ្នកដទៃទាំងមិនដឹងខ្លួន ។
រូបតំណាង
៤. ចេះរៀនសន្សំលុយខុសពីមុន
កាលពីមុនអាងតែខ្លួនមួយចាយលុយមិនចេះគិតរកបានប៉ុន្មានក៏ចាយប៉ុណ្ណឹង ។ គេបែរជាចេះទុកដាក់លុយកាក់ខុសពីមុនស្រឡះ ព្រោះចង់សន្សំលុយរៀបចំផែនការអនាគតជាមួយមនុស្សស្រីដែលគេប្រាកដជាមួយ និង សន្សំដើម្បីទិញរបស់ផ្គាប់ចិត្តគូស្នេហ៍ខ្លួនជាដើម ។
៥. លែងសូវរវល់ជាមួយមិត្តភក្ដិដូចពីមុន
ពីមុនអាចថា មិនទាន់ខ្វល់ខ្វាយរឿងគូស្រករអ្វីចេះតែលេងសើចច្រើនជាមួយមិត្តភក្ដិ ដើរលេងផឹកស៊ី ជួនកាលក៏ដើរដាច់យប់ ប៉ុន្តែតាំងពីកើតមានចិត្តចង់បានប្រពន្ធមក ផ្លាស់ប្ដូរអត្តចរិតឯកឯង មិនចាំបាច់មានគ្រូអាចារ្យណាមកប្រដៅទេ ។
៦. មិនដែលចេះនឹកអ្នកណាសោះតែឥឡូវនឹកកូនក្រមុំគេខ្លាំងឃើញត្រឹមដំបូលផ្ទះក៏អស់ចិត្ត
ដល់ដំណាក់កាលមួយចង់បាននារីណាម្នាក់មកធ្វើជាគូគាប់ទ្រនាប់ទ្រូងខ្លាំងពេក រហូតដល់ថ្នាក់អង្គុយតែនឹកគេបាយមិននឹក ទឹកមិនស្រេក ។ ជួនកាលបើថាបានស្គាល់ផ្ទះគេបានត្រឹមជិះកាត់ ឃើញដំបូលផ្ទះក៏អស់ចិត្តហើយ ៕
រូបតំណាង
អត្ថបទ៖ រាជ