បង្ហាញមុខជំទាវ ៥ រូប កំពុងកាន់តំណែងធំៗក្នុងជួររាជរដ្ឋាភិបាល សុទ្ធតែស្ត្រីឆ្នើមៗបំផុត
ថ្វីដ្បិតតែស្ត្រីជាភេទទន់ខ្សោយជាងបុរសទៅលើកម្លាំងរាងកាយ តែស្ត្រីមានបញ្ញាស្មារតីមិនចាញ់បុរសឡើយ ។ វត្តមានរបស់ស្ត្រីក្នុងការដឹកនាំប្រទេសជាតិមានតាំងពីសម័យនគរភ្នំ រហូតមកដល់បច្ចុប្បន្ន ។ មានស្ត្រីខ្មែរជាច្រើនកំពុងកាន់មុខតំណែងធំៗទាំងវិស័យឯកជន និង វិស័យសាធារណៈ ។ ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកស្ត្រីខ្មែរ ៥ រូបកំពុងកាន់មុខតំណែងធំៗក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ។ ដូច្នេះសូមប្រិយមិត្តមកស្គាល់ទាំងអស់គ្នា ៖
១. លោកជំទាវ ភឿង សកុណា
លោកជំទាវ ភឿង សកុណា បច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនាមជារដ្ឋមន្ត្រីជាស្ត្រីម្នាក់ លោកជំទាវតែងសម្រេចកិច្ចការធំៗជូនប្រទេសជាតិក្នុងកិច្ចគាំពារថែរក្សាការពារនូវសិល្បៈ វប្បធម៌ខ្មែរ និង ពិសេសនោះប្រាង្គប្រាសាទដែលជាកេរ្តិ៍មរតកដូនតា ។ សមិទ្ធផលធំៗគួរឲ្យកត់សម្គាល់ប៉ុន្មានឆ្នាំចុងក្រោយក្រោមការដឹកនាំរបស់លោកជំទាវ ភឿង សកុណា គឺការដាក់បញ្ចូលនូវសម្បត្តិវប្បធម៌ខ្មែរ ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដែលមានដូចជា ប្រាសាទសំបូរព្រៃគុក របាំព្រះរាជទ្រព្យ ល្បែងទាញព្រ័ត ចាប៉ីដងវែង ល្ខោនស្រមោលស្បែកធំ និង ពិសេសគឺល្ខោនខោលវត្តស្វាយអណ្ដែត ជាដើម ។
២. លោកជំទាវ ម៉ែន សំអន
ប្រជាជនខ្មែរបានស្គាល់យ៉ាងច្បាស់ថា លោកជំទាវ ម៉ែន សំអន ជាស្ត្រីដ៏ឆ្នើមមួយរូប ក្នុងនាមជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច ។ កាលពីឆ្នាំ ២០១៨ កន្លងទៅលោកជំទាវត្រូវបានព្រះករុណា សម្ដេច ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ ទ្រង់បានចេញព្រះរាជក្រឹត្យផ្ដល់គោរមងារកិត្តិយស នៃរាជ្យបណ្ឌិតសភាកម្ពុជា ជូនលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជា «កិត្តិសង្កហបណ្ឌិត» តាមសំណើររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
៣. លោកជំទាវ អ៊ឹង កន្ថាផាវី
ក្នុងនាមជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវ អ៊ឹង កន្ថាផាវី បានបំពេញតួនាទីបានយ៉ាងប្រសើរក្នុងការលើកស្ទួយតម្លៃស្ត្រីនៅកម្ពុជា ការការពារសិទ្ធិ និង លើកកម្ពស់ជីវភាពស្ត្រី តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើន ធ្វើយ៉ាងណាឲ្យស្ត្រីខ្មែរមានសិទ្ធិពេញលេញចូលរួមគ្រប់សកម្មភាពក្នុងសង្គម លុបបំបាត់ការរើសអើងទៅលើស្ត្រីជាដើម ។
៤. លោកជំទាវ មិថុនា ភូថង
លោកជំទាវ មិថុនា ភូថង គឺជាស្ត្រីវ័យដំបូងបំផុតដែលក្លាយជាអភិបាលខេត្ត ។ លោកស្រី មិថុនា ភូថង បានក្លាយជាអភិបាលខេត្តស្ត្រីដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយលោកជំទាវត្រូវបានព្រះមហាក្សត្រ តម្លើងតំណែងពីអភិបាលខេត្តរង ជំនួសលោក ប៊ុន លើត តាមរយៈព្រះរាជក្រឹត្យមួយចុះថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៧ ។ ក្នុងនាមជាអភិបាលខេត្តកោះកុង លោកជំទាវបានដឹកនាំកសាងសមិទ្ធផលធំៗជាបន្តបន្ទាប់ដែលទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ។
៥. លោកជំទាវ ជា សិរី
លោកជំទាវ ជា សិរី ជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ។ កាន់មុខតំណែងធំនៅក្នុងស្ថាប័នដ៏ធំរបស់ប្រទេសជាតិ លោកជំទាវត្រូវបំពេញតួនាទីភារកិច្ចជាច្រើនធ្វើយ៉ាងធានាឲ្យបាននូវស្ថេរភាពរូបិយវត្ថុរបស់ប្រទេសកម្ពុជា តាមរយៈការដាក់ចេញគោលនយោបាយសំខាន់ៗមួយចំនួន ។ ពិសេសនោះគឺការរក្សាបាននូវការចរាចរណ៍លុយរៀលខ្មែរ នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចការពារឲ្យបាននូវតម្លៃលុយរៀលខ្មែរ ៕