ជាព័ត៌មានមួយដែលធ្វើឱ្យរង្វង់សិល្បៈថៃមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីតារាស្រី Nat Myria ដែលជាភរិយារបស់លោក Aum Atichart បានប្រកាសឱ្យដឹងថា ខ្លួនបានចែកផ្លូវជាមួយនឹងស្វាមីហើយ ក្រោយពីរួមរស់ជាមួយគ្នាអស់រយៈពេល ១៥ ឆ្នាំ។
ក្នុងនោះ Nat បានទម្លាយឱ្យអ្នកកាសែតដឹងនៅក្នុងកម្មវិធី CineAsia 2024 RECEPTION NIGHT នាថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅថា នាង និង Aum បានចែកផ្លូវគ្នាក្នុងនាមជាស្វាមីភរិយារួចរាល់ហើយ នៅសល់តែឋានៈជាមិត្តល្អចំពោះគ្នាទៅវិញទៅមក ចំណែកមូលហេតុនាងសុំមិនបញ្ចេញនោះទេ ព្រោះមានរឿងច្រើន តែសុំឱ្យដឹងថានាងបានពិភាក្សាគ្នាយ៉ាងល្អក្នុងការបញ្ចប់ទំនាក់ទំនងនេះ។
យ៉ាងណាមិញ បើនិយាយរឿងលែងលះ គឺនាង និង Aum មិនចាំបាច់លែងលះឡើយ ព្រោះមិនបានចុះអេតាស៊ីវិលជាមួយគ្នា គឺគ្រាន់តែដើរចេញរៀងខ្លួនប៉ុណ្ណោះឯង។ ដោយឡែក Nat បានអរគុណទៅមហាជនអ្នកគាំទ្រទាំងឡាយដែលបានលើកទឹកចិត្តនាងកន្លងមក ពេលនេះនាងក៏មានក្តីសុខ ព្រោះបានព្យាយាមរស់នៅក្នុងបច្ចុប្បន្នឱ្យល្អបំផុត។
គួរឱ្យដឹងដែរថា Nat និង Aum បានទាក់ទងគ្នាចំនួន ៥ ឆ្នាំ ទើបសម្រេចចិត្តចូលរោងការ ហើយបានប្រើប្រាស់ជីវិតជាប្តីប្រពន្ធចំនួន ១០ ឆ្នាំ ដោយមិនមានទាយាទ ហើយចុងក្រោយទើបសម្រេចចិត្តលែងលះគ្នាទៅវិញនៅក្នុងឆ្នាំ ២០២៤ នេះ៕
ប្រភព៖ Thairath