មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ស្ងើចសរសើរព្រោងព្រាត បន្ទាប់ពីបានទស្សនាវីដេអូបង្ហាញពីសកម្មភាពយុវតីមួយរូបធ្វើដំណើរឆ្លងផ្លូវ និង បានលើកដៃសំពះទៅលើរថយន្តដែលផ្ដល់អាទិភាព ជាសកម្មភាពដ៏ល្អប្រពៃ និង ជាគំរូសម្រាប់យុវជនខ្មែរ។
វីដេអូដែលផ្ទុះការចាប់អារម្មណ៍នេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Tiktok បង្ហាញពីសកម្មភាពយុវតីជានិស្សិតមួយរូប ដែលបានឆ្លងផ្លូវដើម្បីសំដៅទៅក្លោងទ្វាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលស្របពេលរៀបនឹងឆ្លងក៏មានរថយន្តបើកសំដៅឆ្ពោះមក ហើយក៏បានជាន់ហ្វ្រាំងផ្ដល់អាទិភាពឱ្យយុវតីឆ្លងផ្លូវទៅមុន ទើបរូបគេបានឱនលំទោន និង លើកដៃសំពះអរគុណ បង្ហាញពីសុជីវធម៌ដ៏ល្អប្រពៃនៅទីសាធារណៈ ស័ក្តិសមជានិស្សិតគំរូ និង ជាធនធានរបស់កម្ពុជា។
កាយវិការឱនលំទោនដ៏រម្យទម បូករួមការសំពះប្រកបដោយសុជីវធម៌ មើលទៅត្រឹមមួយប៉ប្រិចភ្នែក តែអាចឆក់យកបេះដូងអ្នកប្រើប្រាស់បណ្ដាញសង្គមដែលបានទស្សនាវីដេអូនេះ ឱ្យស្ងើចសរសើរយុវតីមិនដាច់ពីមាត់ ថាជាយុវជនដែលប្រកបទៅដោយសុជីវធម៌ជាគំរូដល់ក្មេងប្រុសស្រីជំនាន់ក្រោយ ដ្បិតថាការសំពះនេះហើយជាកាយវិការដ៏ប្រពៃបំផុតក្នុងការរស់នៅ ជាសុជីវធម៌ដែលមនុស្សគ្រប់រូបត្រូវប្រកាន់ខ្ជាប់៕