ជាការពិតណាស់ នៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ អ្នកគាំទ្រវិស័យបវរកញ្ញា ជាពិសេសកម្មវិធី Miss Planet Cambodia និង Miss Planet International កំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី កញ្ញា ដេត ស្រីនាឌ Miss Planet Cambodia 2024 ធ្វើពហិកាមិនប្រកួត ខណៈនៅសល់មិនប៉ុន្មានម៉ោងទៀតការប្រកួតផ្តាច់ព្រ័ត្របានមកដល់។
ក្នុងនោះដែរ រឿងរ៉ាវខាងលើកំពុងផ្ទុះការវែកញែកយ៉ាងខ្លាំង ដោយមានមហាជនជាច្រើនបានទទូចស្នើឱ្យ ដេត ស្រីនាឌ បន្តការប្រកួតដើម្បីមុខមាត់ប្រទេសជាតិ ក្នុងនាមជាម្ចាស់ផ្ទះ។ លើសពីនោះ ក៏មានមហាជនខ្លះ ចង់ឱ្យ ដេត ស្រីនាឌ ចេញមកបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់។
យ៉ាងណាមិញ នៅរសៀលថ្ងៃដដែលស្ថាប័ន Miss Planet Cambodia បានចេញសេចក្តីជូនដំណឹងហើយ ដោយបានបញ្ជាក់ថា ដេត ស្រីនាឌ មានបញ្ហាសុខភាពទើបមិនអាចចូលរួមប្រកួតបាន។ ម្យ៉ាងវិញទៀត ពេលនេះ លំដាប់រងទី ១ Miss Planet Cambodia 2024 កញ្ញា ខន សុវណ្ណសូនីតា នឹងត្រូវមកបន្តតួនាទីប្រកួតជំនួន ដេត ស្រីនាឌ វិញ។
តាមរយៈសេចក្តីជូនដំណឹងបានរៀបរាប់ថា៖ «យើងពិតជាសុំការអធ្យាស្រ័យ ដល់សំណាក់ពុកម៉ែបងប្អូនកម្ពុជា និង បណ្តាអ្នកគាំទ្រគ្រប់គ្នាថា កញ្ញា ខន សុវណ្ណសូនីតា ដែលជាលំដាប់រងទី ១ នឹងបន្តការប្រកួតតំណាងឱ្យប្រទេសកញ្ញា ក្នុងនាមជាបវរកញ្ញាភពផែនដីឆ្នាំ ២០២៤ ដោយហេតុកញ្ញា ដេត ស្រីនាឌ មានបញ្ហាសុខភាពនៅគេងមន្ទីពេទ្យមិនអាចចូលរួមប្រកួតបាន។ ជាចុងក្រោយ ពួកយើងសូមអរគុណដល់បណ្តាអ្នកគាំទ្រ ដែលយោគយល់ និង នៅតែបន្តគាំទ្រដល់បវរកញ្ញាភពផែនដីនៃកម្ពុជាឆ្នាំ ២០២៤»៕