កាលពីពេលថ្មីៗនេះ អ្នកនិយមតាមដានវិស័យចម្រៀងរ៉េប ជាពិសេសការប្រកួតក្នុងកម្មវិធី Rapper Fighter ហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីការបង្ហាញសមត្ថភាពរបស់បេក្ខជនកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ វគ្គ FIGHTER SPIRIT សប្តាហ៍ទី៦។
យ៉ាងណាមិញ ក្រោយពីការប្រកួតក្នុងសប្តាហ៍ខាងលើហើយ ស្រាប់តែនៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោក Zedes ដែលគេស្គាល់ជាបេក្ខជន Top 2 កម្មវិធី The Rapper Cambodia រដូវកាលទី ១ បានចេញមកបង្ហោះសារ ថាបេក្ខជនមួយរូបឈ្មោះ LO MA បានយកបារ៉ូលចម្រៀងរបស់លោកទៅច្រៀងក្នុងការប្រកួតដោយមិនបានសុំការអនុញ្ញាត។
ក្នុងនោះ លោក Zedes បានរៀបរាប់ថា៖ «បទ ដែលខ្ញុំធ្វើវាអស់ពេលជិត ៤ ឆ្នាំ ត្រូវបានបុគ្គលម្នាក់នេះ LO MA បំផ្លាញ ដោយយកបារ៉ូលពីបទខ្ញុំទៅដាក់ក្នុងបទប្រលងរបស់ខ្លួនឯង ធ្លាប់សុំខ្ញុំដែរ តែខ្ញុំមិនព្រម រួចក៏លួចចឹងហ្មងទៅមែន? យកបារ៉ូលរបស់គេទៅប្រលងចឹង គិតថាឡូយមែនប្រូ?»។
ដោយឡែកក្រោយពីការបង្ហោះសារពីលោក Zedes ហើយនោះ ក៏ផ្ទុះការវែកញែកពេញបណ្តាញសង្គមពីសំណាក់អ្នកស្នេហាវិស័យចម្រៀងរ៉េបរហូតដល់យប់ថ្ងៃដដែល លោក LO MA បេក្ខជន Rapper Fighter បានចេញមកបង្ហោះវីដេអូ សុំទោសទៅដល់លោក Zedes ជាសាធារណៈ។
ទន្ទឹមនឹងវីដេអូនោះដែរ លោក LO MA ក៏បានសរសេរសារថា ៖ «ខ្ញុំសូមធ្វើការសុំទោសទៅកាន់ Zedes ចំពោះបារ៉ូលមួយចំនួន ដែលខ្ញុំបានយកមកដាក់បញ្ចូលក្នុងថ្ងៃប្រកួតដោយមិនបានគិតវែងឆ្ងាយ ហើយសុំទោសទៅដល់អ្នកគាំទ្រ ដែលខ្ញុំធ្វើឱ្យអ្នកទាំងអស់គ្នាខកចិត្ត សុំទោស Coach King Chi និង កម្មវិធីទាំងមូលផងដែរ»៕
សូមទស្សនា វីដេអូខាងក្រោម៖