ចង់ដឹងទេ អ្នកស្រុកប្រាសាទបាគង ធ្វើពិធីចាប់ត្រីដើម្បីអ្វី ?
ប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឱ្យតែដល់ថ្ងៃ ១កើត ខែមាឃ តែងតែនាំគ្នា ចាប់ត្រីក្នុងបឹងអភិរក្ស ដើម្បីធ្វើពិធីបុណ្យ ឡើងមាឃជាប្រចាំ ។ ជាក់ស្តែងនៅថ្ងៃ ១កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវ ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០១៩ អ្នកស្រុក បានរៀបចំពិធីរកត្រីរួមក្នុងបឹងអភិរក្សមួយ ដើម្បីត្រៀមឡើងមាឃ ឬឡើងអ្នកតា ដែលជាទំនៀមទម្លាប់ធ្វើជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ។
ពិធីនេះ ធ្វើឡើងនៅក្នុងបឹងអភិរក្ស ដែលអ្នកភូមិតែងតែអភិរក្សទុក ហើយមិនអនុញ្ញាតឱ្យនេសាទផ្តេសផ្តាសចាប់ពីខែមិថុនា ដើម្បីរក្សាត្រីទុកសម្រាប់ប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតានេះ ។
លោក ពេជ្រ ឃិន មេភូមិបង្កោង បានឱ្យដឹងថា ពិធីរកត្រីនេះធ្វើឡើងមួយឆ្នាំម្តងជារៀងរាល់ខែមាឃ បន្ទាប់ពីមានការឯកភាពពីចាស់ព្រឹទ្ធាចារ្យក្នុងភូមិ និង បានប្រកាសកំណត់ថ្ងៃរកត្រីដើម្បីយកត្រីទៅធ្វើទឹកនំបញ្ចុក និងធ្វើអាហាររួមសម្រាប់ពិធីឡើងមាឃ ឬឡើងអ្នកតាតាមទំនៀមទម្លាប់ ។
លោកបានបន្តទៀតថា នៅក្នុងផ្ទៃបឹងទាំងមូលបានដាក់សម្រាស់ ២កន្លែង ហើយត្រីដែលចាប់បាននៅបរិវេណខាងក្រៅប្រជាជនអាចយកទៅធ្វើម្ហូបហូបជាលក្ខណៈគ្រួសារ រីឯត្រីចាប់បានក្នុងសម្រាស់ត្រូវទុករួមសម្រាប់ធ្វើទឹកនំបញ្ចុក។ ចំណែកពេលវេលាមិនអាចកំណត់យកថ្ងៃណាមួយជាក់លាស់បានទេដោយអាស្រ័យលើទឹកបឹង បើសិនទឹកបឹងនៅច្រើនក៏ពន្យាពេល រង់ចាំទឹកបឹងរីងដើម្បីអាចចាប់ត្រីបានច្រើន តែឆ្នាំនេះទឹកសមល្មមអាចឱ្យប្រជាជននេសាទត្រីបាន និង ចំពេលវេលាល្មម ។
លោក ពេជ្រ ឃិន បានបញ្ជាក់ថា ក្រោយពីប្រកូកប្រកាសឱ្យនេសាទ អ្នកភូមិបានត្រៀមនូវឧបករណ៍សម្រាប់នេសាទបែបបុរាណ មានសំណាញ់ ឈ្នាង អង្រុត មកចាំកុះករនៅមាត់បឹង ហើយប្រជាជនមួយចំនួនមកតាំងពីម៉ោង១២យប់ អ្នកខ្លះក្រោកមកតាំងពីម៉ោង៣ ម៉ោង៤មកម្ល៉េះ។
នៅឆ្នាំនេះកម្មវិធីនេសាទត្រីចាប់ផ្តើមនៅវេលាម៉ោង ៧ ព្រឹកដោយមានគណៈកម្មការចាំប្រកាសមេក្រូ និង បាញ់កាំជ្រួចជាសញ្ញា។ លោកបានបន្ថែមថា អ្នកភូមិដែលមកនេសាទទាំងអស់នោះមិនផ្តោតតែលើរកត្រីមួយមុខនោះទេគឺមកជួបជុំ សប្បាយរីករាយ និង មានសាមគ្គីភាពកាន់តែស្និទ្ធស្នាលរវាងប្រជាជននៅក្នុងភូមិថែមទៀតផង ។
អ្នកស្រី ហេន ទេត អ្នកភូមិបង្កោង បានឱ្យដឹងថា គ្រួសារអ្នកស្រី ក៏ដូចជាប្រជាជនផ្សេងទៀតមកនេសាទត្រី ហើយយកត្រីដែលរកបានមួយចំនួនយកទៅធ្វើទឹកនំបញ្ចុកដើម្បីត្រៀមឡើងមាឃ ឬឡើងអ្នកតា និង មួយចំនួនទៀតសម្រាប់ធ្វើម្ហូប ។
អ្នកស្រីបានបញ្ជាក់ថា ការរកត្រីឡើងមាឃនេះមានជាយូរមកហើយ ចាស់ៗក្នុងភូមិបានធ្វើ តៗគ្នាពីជំនាន់មួយទៅជំនាន់មួយ ហើយពិធីនេះបាននៅគង់វង្សដោយសារតែអ្នកភូមិបន្តប្រតិបត្តិរហូតមកដល់សព្វថ្ងៃនឹងបន្តទៅជំនាន់ក្រោយៗទៀត ។
គួរបញ្ជាក់ផងដែរថា តំបន់រមណីយដ្ឋានអង្គរ ជាតំបន់បេតិកភណ្ឌរស់ ដែលសម្បូរទៅដោយមរតកអរូបីជាច្រើន ហើយត្រូវបានអ្នករស់នៅក្នុងតំបន់អង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ននេះ។ ពិធីបុណ្យឡើងមាឃឬបុណ្យឡើងអ្នកតានេះ ក៏ជាទំនៀមទម្លាប់ប្រពៃណីមួយក្នុងចំណោមបេតិកភណ្ឌអរូបីជាច្រើន ដែលប្រតិបត្តិដោយអ្នកស្រុកអង្គរ ៕
ដោយ៖ សុថាត់
ប្រភព៖ AKP