ទៅលេងភ្នំសន្ទុក កុំភ្លេចចូលទៅកន្លែងបោះកាក់ផ្សង !
ភ្នំសន្ទុក ជាតំបន់ទេសចរណ៍ធម្មជាតិនិងវប្បធម៌មួយកន្លែងស្ថិត ក្នុងខេត្តកំពង់ធំ ដែលតែងតែមានភ្ញៀវ ទេសចរទៅលេងកម្សាន្តមិនដែលដាច់ ពិសេសនៅពេលមានពិធីបុណ្យផ្សេងៗ និង ថ្ងៃឈប់សម្រាក ក្នុងនោះគេក៏មិនភ្លេចឡើយក្នុងការចូលទៅកន្លែងបោះកាក់ផ្សងផងដែរ ។
ភ្នំសន្ទុកស្ថិតនៅក្នុងភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ និង មានចម្ងាយប្រវែង ១៧ គីឡូម៉ែត្រពីទីរួមខេត្ត កំពង់ធំ តាមបណ្តោយផ្លូវជាតិលេខ ៦ មានចម្ងាយ ១៥០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។
បើចង់ទៅកន្លែងបោះកាក់ផ្សងនោះគេគ្រាន់តែចុះពីលើកំពូលភ្នំតាមជណ្តើរមកក្រោមបន្តិចនៅខាងឆ្វេងដៃមានស្លាកសម្គាល់មួយសរសេរថា “កន្លែងបោះកាក់” ។នៅទីនេះល្បីស័ក្ដិសិទ្ធិថា ប្រាថ្នាអ្វីច្រើនបានសម្រេច ជាពិសេសការប្រាថ្នាផ្សងរកគូព្រេង និង រកស៊ីមានបាន ។ ការប្រាថ្នាបានឬមិនបាន គឺមានដំរួយពីរ ក្នុងនោះទី១ បើបោះកាក់ចូលតាមចន្លោះនៃរង្វះភ្នំមួយលាន់ឮស្នូរក្រឺងៗ បានសេចក្ដីថា សេចក្ដីប្រាថ្នានឹងបានសម្រេច និង ទី ២ អត់ឮអ្វី គឺគ្រាន់តែបានបុណ្យកុសល ។ នេះបើតាមសំដីអ្នកភូមិ ៕
ដោយ ៖ ដេវីត