មិនដែលដឹងថា នៅលើ ភ្នំឱរ៉ាល់ មានភាពអស្ចារ្យបែបនេះសោះ
ភ្នំឱរ៉ាល់ ជាភ្នំដែលខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា ក្រៅពីមានទេសភាពដ៏ស្រស់ត្រកាលគួរឱ្យគយគន់ហើយនោះ ក៏នៅមានវត្តមានសត្វគោព្រៃ ដំរី ខ្លាធំ ខ្ទីង និង ម្រឹគជាច្រើនប្រភេទទៀតកំពុងមានវត្តមាននៅទីនោះច្រើននៅឡើយ ទោះបីជាមានការកាប់ព្រៃយ៉ាងរង្គាលទៅហើយក្តី ។
ភ្នំឱរ៉ាល់ ជាភ្នំដែលខ្ពស់ជាងគេនៅកម្ពុជា មានកម្ពស់ដល់ទៅ ១ ៨១៣ម៉ែត្រ ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប៉ុន្តែមានប្រជាពលរដ្ឋខ្មែរមិនច្រើនឡើយ ដែលបានឡើងភ្នំដ៏ខ្ពស់មួយនេះ ប៉ុន្តែ ភ្ញៀវទេសចរដែលបានឡើងភ្នំឱរ៉ាល់ នឹង ធ្វើឱ្យមានការភ្ញាក់ផ្អើលមិនខានកាលបើបានឃើញ សត្វព្រៃដ៏កម្រៗ បានរស់នៅយ៉ាងសុខសាន្តនៅទីនោះនៅឡើយ ។
ការទៅដល់ទីនោះ ក្រៅពីបានឃើញ ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល នៃកំពូលភ្នំឱរ៉ាល់ក៏នៅមានប្រភេទសត្វព្រៃកម្រ ជាច្រើនប្រភេទ ដូចជា សត្វដំរី ខ្ទីង គោព្រៃ ខ្លាធំ ខ្លាឃ្មុំ និង សត្វម្រឹគដទៃទៀតផង ដែលកំពុងរស់នៅយ៉ាងសុខសាន្ត ។
អ្នកនាំភ្ញៀវឡើងភ្នំឱរ៉ាល់ ម្នាក់បានថ្លែងថា «ឥឡូវទៅមិនសូវជួបទេ តែសត្វទាំងអស់នោះនៅតែមាន។ ប្រហែលសត្វទាំងនោះ វាខ្លាចមនុស្សយើងហើយ បានជាវាខំគេចចេញពីផ្លូវដែលយើងដែរ។ ខ្ញុំជឿថាអ៊ីចឹង ព្រោះពេលឡើងភ្នំម្ដងៗ គឺតែងតែឃើញមានស្នាមនៅថ្មីៗនៅឡើយ ។
ទោះបីជាមិនបានឃើញម្រឹគព្រៃទាំងនោះដោយផ្ទាល់ តែអ្នកទេសចរនៅតែអាចពើបប្រទះ និងគយគន់ប្រភេទសត្វព្រៃតូចៗ ឬបក្សីតូច ធំជាច្រើនប្រភេទ រួមទាំងសត្វកំប្រុកផងដែរ នេះបើតាម លោក ឈឺន ឆីម អ្នកនាំភ្ញៀវយ៉ាងជំនាញ ។ ហើយ អាកាសធាតុនៅលើភ្នំឱរ៉ាល់ត្រជាក់ល្ហឹម ខ្យល់ត្រសៀកៗ ហើយមានពពករសាត់ជិតៗខ្លួន ដែលធ្វើឱ្យអ្នកទេសចរប្លែកភ្នែក និង មានអអារម្មណ៍ស្រស់ស្រាយ ៕
ដោយ៖សុថាត់