ឪពុកម្តាយគួរត្រៀមចិត្ត ប្រសិនជាកូនកើតមិនគ្រប់ខែ ព្រោះអាចប្រឈមនឹងរឿងទាំងនេះ !
ទារកដែលកើតមិនគ្រប់ខែមានន័យថា គឺគេបានកើតមុនពេលម្តាយពពោះរយៈពេល ៣៧ សប្តាហ៍ ខណៈពេលដែលការពពោះគ្រប់ខែគឺប្រហែល ៤០ សប្តាហ៍។ រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយក្នុងផ្ទៃម្តាយ គឺជារឿងសំខាន់សម្រាប់ទារកត្រូវឡើងទម្ងន់ប្រកបដោយសុខភាពល្អ និង មានការលូតលាស់សរីរាង្គសំខាន់ៗពេញលេញរួមទាំង ខួរក្បាល និង សួត។ ហេតុដូច្នេះហើយទើបបានជាទារកកើតមិនគ្រប់ខែអាចមានបញ្ហាសុខភាពច្រើន និង ត្រូវការសម្រាកក្នុងមន្ទីរពេទ្យយូរជាងទារកធម្មតា។ ពួកគេក៏ប្រហែលជាមានបញ្ហាសុខភាពរយៈពេលយូរផងដូចជា ពិការភាពលើការរៀនសូត្រ ឬ ពិការរាងកាយផងដែរ។
មូលហេតុនៃការសម្រាលកូនមិនគ្រប់ខែច្រើនតែមិនអាចកំណត់ដឹងឡើយ ប៉ុន្តែមានកត្តាច្រើនដែលអាចធ្វើឲ្យស្ត្រីប្រឈមនឹងការសម្រាលកូនមិនគ្រប់ខែបែបនេះ។ ស្ត្រីមានផ្ទៃពោះដែលមានបញ្ហាសុខភាពដូចខាងក្រោមនេះទំនងជាងាយនឹងសម្រាលកូនមិនគ្រប់ខែណាស់៖
• ជំងឺទឹកនោមផ្អែម
• ជំងឺបេះដូង
• ជំងឺតម្រងនោម
• លើសសម្ពាធឈាម
កត្តាដែលទាក់ទងនឹងការមានផ្ទៃពោះ ហើយជាប់ពាក់ព័ន្ធនឹងការសម្រាលកូនមិនគ្រប់ខែដែរនោះមានដូចជា៖
• កង្វះជីវជាតិមុន និង ក្នុងពេលមានផ្ទៃពោះ
• ជក់បារី ប្រើថ្នាំញៀន ឬញ៉ាំគ្រឿងស្រវឹងច្រើនៗក្នុងពេលមានផ្ទៃពោះ
• មានការបង្ករោគក្នុងខ្លួនដូចជា ការបង្ករោគនៅផ្លូវទឹកម៉ូត្រ និង ភ្នាសទឹកភ្លោះ
• ធ្លាប់សម្រាលកូនមិនគ្រប់ខែពីមុនមក
• ស្បូនមិនធម្មតា
• មាត់ស្បូនខ្សោយ និង ឆាប់បើកពេក
ស្ត្រីមានផ្ទៃពោះក៏មានឱកាសឆាប់សម្រាលកូនមុនកំណត់ដែរបើសិនជាគេមានអាយុតិចជាង ១៧ឆ្នាំ ឬ ច្រើនចាង ៣៥ឆ្នាំ។
កាលណាទារកសម្រាលកាន់តែលឿនខុសធម្មតា ពួកគេក៏ទំនងជាងាយនឹងមានបញ្ហាសុខភាពច្រើនដែរ។ ទារកកើតមិនគ្រប់ខែប្រហែលជាបង្ហាញអាការៈទាំងនេះលឿនក្រោយពីកើតរួច៖
• ពិបាកដកដង្ហើម
• មិនគ្រប់ទម្ងន់
• ខ្លាញ់រាងកាយតិច
• មិនអាចរក្សាកម្តៅក្នុងខ្លួននៅថេរល្អ
• មិនសូវមានសកម្មភាពរាងកាយដូចធម្មតា
• មានបញ្ហាលើការធ្វើចលនា
• ពិបាកក្នុងការបៅ
• ស្បែកមានភាពស្លេកស្លាំង ឬ លឿងខុសធម្មតា
ទារកកើតមិនគ្រប់ខែក៏អាចកើតមកមានជំងឺដែលគំរាមគំហែងដល់អាយុជីវិតច្រើនដែរដូចជា៖
• ហូរឈាមក្នុងខួរក្បាល
• ហូរឈាមក្នុងសួត
• កង្វះជាតិស្ករក្នុងឈាម
• មានការបង្ករោគក្នុងឈាមដោយបាក់តេរី
• ជំងឺរលាកសួត
• ជំងឺបេះដូងប្រហោង
• កង្វះគ្រាប់ឈាមក្រហម
• ជំងឺពិបាកដកដង្ហើមដែលបង្កឡើងដោយសួតលូតលាស់មិនពេញលេញ Neonatal Respiratory Distress Syndrome
បញ្ហាសុខភាពទាំងនេះអាចដោះស្រាយបានតាមរយៈការថែទាំជាពិសេស។ ប៉ុន្តែទារកខ្លះទៀតក៏អាចមានពិការភាពរយៈពេលយូរ ឬមានជំងឺទៀត។ គ្រូពេទ្យនឹងធ្វើតេស្តជាច្រើនទៅលើទារកកើតមិនគ្រប់ខែឲ្យបានលឿនបំផុតក្រោយគេកើតរួច។ តេស្តទាំងនេះអាចជួយបន្ថយការប្រឈមនឹងផលវិបាករបស់គេបាន។ គ្រូពេទ្យក៏តាមដានទៅលើទារកបន្តរហូតក្នុងពេលគេសម្រាកក្នុងមន្ទីរពេទ្យ។ តេស្តដែលគេធ្វើជាញឹកញាប់មានដូចជា៖
• ការថតកាំរស្មីអ៊ីចនៅទ្រូងដើម្បីវាយតម្លៃការលូតលាស់បេះដូង និងសួត
• តេស្តឈាមដើម្បីវាយតម្លៃជាតិស្ករ កាលស្យូម និង កម្រិត Bilirubin
• ការវិភាគទៅលើជាតិឧស្ម័នក្នុងឈាមដើម្បីកំណត់ទៅលើកម្រិតអុកស៊ីសែនក្នុងឈាម៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ healthline
ឧបត្ថម្ភដោយ ៖ UniDry